កាលពីម្សិលមិញតុលាការចាប់ផ្តើមកាត់ក្តីរឿង Dani Alves ក្នុងករណីបទរំលោភសេពសន្ថវៈ
បន្ទាប់ពីរងចាំអស់រយ:ពេល 381 ថ្ងៃនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរបស់ Dani Alves ពីបទការរំលោភបំពានផ្លូវភេទរួចមក ពេលនេះតុលាការកំពុងតែកាត់ក្តី។ ច្រកចេញចូលទាំងអស់ត្រូវបានហ៊ុព័ទ្ធដោយកាមេរ៉ា និងអ្នកកាសែតរាប់មិនអស់អំពីរឿងរ៉ាវកាត់ក្តីមួយនេះ។ នៅខែមករាឆ្នាំ 2023 អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះត្រូវបានចាប់ខ្លួនដោយប៉ូលីសជុំវិញករណីរំលោភបំពានផ្លូវភេទនៅក្នុងក្លឹបរាត្រីមួយ។ រដ្ឋអាជ្ញាសាធារណៈអេស្ប៉ាញបានចោទប្រកាន់ថា Alves បានរំលោភបំពានទៅលើនារីអាយុ 23 ឆ្នាំនៅក្នុងក្លឹបរាត្រី Sutton ក្នុងទីក្រុង Barcelona កាលពីថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2022។
អ្នកចោទប្រកាន់របស់លោក Alves បានផ្តល់ភស្តុតាងឲ្យក្រុមតុលាការដោយនិយាយពីខាងក្រោយអេក្រង់កាមេរ៉ាដើម្បីការពារអត្តសញ្ញាណរបស់នាង។ នាងបានចោទប្រកាន់ថា Dani Alves បានល្បួងនាងចូលទៅក្នុងបន្ទប់ទឹកនៃក្លឹបរាត្រីមួយនោះបន្ទាប់មកក៏បានបង្ខំនាងឱ្យរួមភេទជាមួយគាត់។ បងប្អូនជីដូនមួយ និងមិត្តភ័ក្តិដែលនៅជាមួយនាងក្នុងយប់កើតហេតុនោះក៏បានផ្តល់សក្ខីកម្មកាលពីម្សិលមិញរួចផងដែរ។
តាមច្បាប់ប្រទេសអេស្ប៉ាញបើសិនជារកឃើញ Dani Alves មានកំហុសពីបទការរំលោភផ្លូវភេទពិតមែននោះ ការផ្តន្ទាទោសអាចនាំឱ្យជាប់ពន្ធធនាគារចន្លោះពី 4 ទៅ 15 ឆ្នាំ និងសងជម្ងឺចិត្តក្នុងទឹកប្រាក់ 150,000អឺរ៉ូ (128,000ផោន) ដល់ស្ត្រីជាជនរងគ្រោះ។