OGS៖ ឡើងកំពូលតារាងមិនពិបាកទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺតើឈរបានយូរប៉ុនណា?
Manchester United កំពុងតែធ្វើបានល្អមែនទែននៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ក្រោយពីអាចឡើងមកឈរនៅកំពូលតារាងបាននៅក្នុងសប្តាហ៍ទី១៧-១៨ ក្រោយពីធ្វើការប្រកួតប្រជែងជាមួយ Liverpool និង Manchester City រួច។
សារព័ត៌មានជាច្រើនបានលើកឡើងថា ក្រុមជើងឯក PL ២០សម័យទំនងជាអាចក្រេបរសជាតិក្នុងការលើកពានរង្វាន់កំពូលអង់គ្លេសនេះម្តងទៀតសារជាថ្មី ក្រោយអាចមានឱកាសឈរនៅកំពូលតារាងបានវិញបន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១។
យ៉ាងណាក្តីគ្រូបង្វឹក Ole Gunnar Solskjaer វិញបាននិយាយថា៖ “ការឡើងមកឈរនៅកំពូលតារាងគឺជារឿងដ៏ងាយស្រួលទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺតើអាចរក្សាខ្លួននៅចំនុចនោះបានយូរប៉ុនណា? ហើយវាគឺជាការប្រកួតប្រជែងរបស់ក្រុមដ៏ពិតប្រាកដ។”
គួរឱ្យដឹងផងដែរថា លើកចុងក្រោយដែលក្រុមបិសាចក្រហមឈរនៅកំពូលតារាងក្រោយឆ្លងឆ្នាំថ្មីគឺពួកគេបានក្លាយជាម្ចាស់ពានរង្វាន់ Premier League តែម្តង ពោលគឺនៅឆ្នាំ២០១៣ដែលជាការដឹកនាំចុងក្រោយរបស់អតីតគ្រូបង្វឹក Sir Alex Ferguson។