Lampard នៅតែនិយាយពាំងកីឡាករ២នាក់ ទោះលេងមិនបានល្អ
ខ្សែបម្រើ Kai Havertz ត្រូវបានគេមើលឃើញថា បន្តការលេងមិនសូវបានល្អទៀតហើយក្នុងការប្រកួត Premier League ដែល Chelsea ចាញ់ Leicester City ២ទល់នឹង០ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
អ្នកចាត់ការ Frank Lampard បានដាក់កីឡាករវ័យ២១ឆ្នាំក្នុងជម្រើស១១នាក់ដំបូងដើម្បីផ្ដល់ទំនុកចិត្តសាជាថ្មីដល់អ្នកគាំទ្រ។ ផ្ទុយទៅវិញ បានត្រឹមតែភាពខកចិត្តដដែលសម្រាប់កីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្រក្លិបមួយនេះ។
កីឡាករជនជាតិអាល្លឺម៉ង់ត្រូវបានប្ដូរចេញនៅនាទី៦៧ ក្រោយលេងមិនបានល្អ និងជាលើកទី៥ជាប់ៗហើយដែលគេត្រូវបានប្ដូរចេញបែបនេះ។ គេទទួលបាន៥ចុច៩ពិន្ទុប៉ុណ្ណោះពីការលេង ដែលជាពិន្ទុទាបជាងគេ និងចាប់តាំងពីគេចូលេងឲ្យ Chelsea។
លោក Lampard អ្នកចាត់ការ Chelsea អះអាងថា Havertz ធ្វើបានល្អក្នុងពេលហ្វឹកហាត់ ដូច្នេះហើយបានជាគេទទួលបានឱកាសលេង។ លោកថា Havertz និង Timo Werner សុទ្ធតែមានវ័យក្មេងដែលត្រូវការពេលវេលាបន្ថែមទៀត។
គួរដឹងដែរថា Kai Havertz បានផ្លាស់ពី Bayer Leverkusen ទៅ Chelsea ដើមរដូវកាលថ្មីនេះក្នុងតម្លៃ៦៧លានផោន។ ចំណែក Timo Werner បានផ្លាស់ពី RB Leipzig តម្លៃ៤៧លានផោន តែទើបរកបាន៤គ្រាប់ប៉ុណ្ណោះពីការប្រកួត១៩លើក៕