កីឡាករ នុប តុលា បង្ហើបមូលហេតុចូលរួមជាមួយ ណាហ្គាវើល
កីឡាករ នុប តុលា បានបង្ហើបមូលហេតុមួយចំនួនដែលរួចសម្រេចចេញពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ផ្ទេរទៅកាន់ ក្លិបបាល់ទាត់ណាហ្គាវើល សម្រាប់រដូវកាលថ្មី ២០២១ ខាងមុខ ។
នុប តុលា បានបញ្ជាក់ថា ការចាកចេញដោយសាររូបគេចង់មានឱកាសលេងអោយបានច្រើនជាងនេះ ដើម្បីជាប់ជម្រើសជាតិ និង ស្វែងរកបទពិសោធន៍ថ្មីបន្ថែម ពីព្រោះរូបគេលេងអោយតែក្លិប ព្រះខ័នរាជស្វាយរៀង តែមួយប៉ុណ្ណោះកន្លងមក ។ កីឡាករដែលអាចលេងបានទាំងខ្សែប្រយុទ្ធនិងការពារ បន្ថែមថា រូបគេនឹងប្រឹងប្រែងហ្វឹកហាត់ ជាមួយក្លិបថ្មីដើម្បីឈ្នះពានរង្វាន់ផ្សេងតាមតែអាចធ្វើទៅបាន ។
សូមបញ្ជាក់ថា នុប តុលា បានរួមរស់នៅជាមួយ ព្រះខ័នរាជស្វាយរៀងអស់រយៈពេល ៧រដូវកាលដ៏អស្ចារ្យមកហើយ ។
កីឡាករលេខ៩ រូបនេះបានជួយក្រុមឲ្យឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួនពីររដូវកាលផងដែរ បន្ទាប់ពីបានផ្លាស់មកក្លិបលោក មាស ចាន់ណា ជាមួយមិត្តរួមក្លិបពីររូបទៀតគឺ នេន សុធារដ្ឋ និង សំអឿន ពិដោរ បន្ទាប់ពីចប់រដូវកាល ២០២០ កន្លង ៕