អតីតមិត្តរួមក្រុម ចាន់ វឌ្ឍនាកា ផ្លាស់ពីPahangទៅក្របខណ្ឌកំពូលថៃ
ខ្សែប្រយុទ្ធ Mohamadou Sumareh ត្រូវបានប្រកាសជាសមាជិកថ្មីផ្លូវការរបស់ក្លិបក្របខណ្ឌកំពូលថៃ Police Tero FC ហើយនៅរសៀលថ្ងៃចន្ទ ទី០៧ ខែកញ្ញា ក្រោយចាកចេញពី Pahang FA នៅក្របខណ្ឌកំពូលម៉ាឡេស៊ី។
ខ្សែប្រយុទ្ធជម្រើសជាតិម៉ាឡេស៊ីដើមកំណើតហ្គាំប៊ីគឺជាអ្នកទាត់ចូលជម្រើសជាតិថៃកន្លងទៅក្នុងវគ្គជម្រុះ FIFA World Cup 2022 កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នាកីឡដ្ឋាន Bukit Jalil ក្រុងគូឡាឡាំពួរ ដែលកាលណោះប្រទេសរបស់គេឈ្នះ២ទល់នឹង១។
កីឡាករឈានដល់វ័យ២៦ឆ្នាំនៅថ្ងៃទី២០ ខែកញ្ញា នឹងពាក់អាវលេខ១៣ ខណៈតាមគម្រោងគឺ Thai League នឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខែកញ្ញា។ យ៉ាងណា Sumareh ត្រូវធ្វើចត្តាឡីស័កជាមុន ពោលគឺនៅដាច់ដោយឡែក១៤ថ្ងៃសិន។
គួរដឹងដែរថា Mohamadou Sumareh បានប្រកបអាជីពពីឆ្នាំ២០១៧ដល់២០២០នៅក្លិប Pahang FA ដែលចាន់ វឌ្ឍនាកា ធ្លាប់ចំណាយពេលលេងនៅជុំទីមួយ២០១៨៕