អាហ្សង់ទីន ប្រកាសលុបចោលការប្រកួតមិត្តភាពជាមួយអ៊ីស្រាអែល ដោយសារបញ្ហាសិទ្ធិមនុស្ស
អាហ្សង់ទីន នៅថ្ងៃអង្គារម្សិលមិញ បានប្រកាសលុបចោលការប្រកួតមិត្តភាពជាមួយអ៊ីស្រាអែល ដែលជាការប្រកួតសមជើងចុងក្រោយ ត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup។ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បាននិយាយនៅថ្ងៃអង្គារថា ការប្រកាសលុបចោលនេះ ដោយសារតែសម្ពាធនយោបាយ ដែលកាន់តែរីកដុះដាល មុនពេលការប្រកួតនៅថ្ងៃសៅរ៍ ដែលគ្រោងធ្វើឡើងនៅទីក្រុងហេ្សរុយសាឡឹមចូលមកដល់។
ជុំវិញការប្រកាសលុបចោលនេះ ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងក្នុងទីក្រុង Rramallah នៃតំបន់ West Bank បានធ្វើពិធីអបអរសាទរ និងអរគុណ ដល់កីឡាករ Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនទាំងអស់ ចំពោះការសម្រេចចិត្តនេះ។
គួរជម្រាបជូនថា មុនការប្រកួតចូលមកដល់ ក្រុមបាល់ទាត់ និងប្រជាជនប៉ាឡេស្ទីន បានធ្វើបាតុកម្មរិះគន់ដល់ការប្រកួតមិត្តភាពនេះ។ តាមប៉ាឡេស្ទីន ទីក្រុងហ្សេរុយសាឡឹម មិនមែនជារដ្ឋធានីរបស់អ៊ីស្រាអែលនោះទេ ដូច្នេះបើអាហ្សង់ទីនទៅប្រកួតនៅទីនោះ វាហាក់ដូចជាអាហ្សង់ទីន កំពុងតែបំពានសិទ្ធិមនុស្ស ហើយគាំទ្រអ៊ីស្រាអែល ឲ្យបន្តប្រើហិង្សាលើប្រជាជនប៉ាឡេស្ទីនស្លូតត្រង់។ សូមរម្លឹកជូនថា កងទ័ពអ៊ីស្រាអែល និងពលរដ្ឋប៉ាឡេស្ទីន បានចាប់ផ្តើមបង្ហូរឈាមដាក់គ្នា នៅពេលនេះអាមេរិក បានសម្រេចសម្ពោធស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងហ្សេរុយសាឡឹម៕