អ្នកចាំទីកាត់វៀតណាមឆែក បានឱកាសលេង UEFA Nations League
អ្នកចាំទីដែលមានដើមកំណើតជាជនជាតិវៀតណាម Filip Nguyen ត្រូវបានកោះហៅជាផ្លូវការទៅក្រុមសាធារណរដ្ឋឆែក និងបានបង្ហាញការសោកស្តាយបន្ទាប់ពីបានរង់ចាំជាយូរមកហើយសម្រាប់ឱកាសលេងឲ្យជម្រើសជាតិវៀតណាម។
Filip Nguyen បានសរសេរលើទំព័រផ្ទាល់ខ្លួនថា “ខ្ញុំបានទទួលព័ត៌មានថាខ្ញុំអាចលេងតំណាងជម្រើសជាតិឆែក។ បន្ទាប់ពីបានពិភាក្សាជាមួយគ្រួសារ ខ្ញុំបានសម្រេចថា ខ្ញុំនឹងក្ដោបឱកាសនេះ។ ខ្ញុំរង់ចាំឱកាសលេងឲ្យវៀតណាមអស់រយៈពេលជាង៣ឆ្នាំហើយ ខ្ញុំមិនអាចរង់ចាំបន្តទៀតបានទេ។ ខ្ញុំគិតថាខ្ញុំនឹងមិនមានឱកាសលេងអោយក្រុមវៀតណាមទៀតទេ។ ខ្ញុំសង្ឃឹមថាប្រិយមិត្តនឹងយល់ និងអរគុណអ្នកដែលបានគាំទ្រខ្ញុំ។”
អ្នកចាំទីវ័យ២៨ឆ្នាំស្ថិតក្នុងបញ្ជី២៣នាក់ដែលត្រៀមសម្រាប់ការប្រកួតជាមួយស្កុតលែនថ្ងៃទី០៧ ខែកញ្ញា។ គេនឹងប្រជែងជាមួយមិត្តរួមក្រុម Ales Mandous និង Jakub Markovic សម្រាប់តំណែងចាំទី ក្នុងការប្រកួតទី ២ នៃពូល F កម្មវិធី UEFA Nations League។
ដោយយល់ព្រមលេងឲ្យយសាធារណរដ្ឋឆែកដោយគ្មានសញ្ជាតិវៀតណាម Filip នឹងលែងមានឱកាសលេងឲ្យវៀតណាមទៀតហើយ។ ឪពុករបស់គេ គឺលោក Ngoc Minh បានយល់ស្របនឹងការសម្រេចចិត្តរបស់កូនប្រុស។
លោក Ngoc Minh ថ្លែងបែបនេះ “៖កូនប្រុសរបស់ខ្ញុំពិតជាចូលចិត្តក្រុមវៀតណាមណាស់ ប៉ុន្គេមិនអាចរង់ចាំបានទៀតទេ។ Filip ត្រូវតែមានបណ្ណស្នាក់នៅ ប៉ុន្តែរដ្ឋការមិនអាចចេញបណ្ណនោះបានទេ ពេលគេកំពុងស្នាក់នៅសាធារណរដ្ឋឆែក។”
Filip Nguyen អាចមានឱកាសប្រកួតប្រជែងយកដៃទីមួយដោយសារតែបទពិសោធរបស់គាត់បើប្រៀបធៀបជាមួយមិត្តរួមក្រុមពីរនាក់ទៀត៕