ក្រោយត្រលប់ពីព្រឹត្តិការណ៍ស៊ីហ្គេម សៀង ចន្ធា បន្តដំណើរជាមួយ U-20 កម្ពុជាទៅប្រកួតនៅវៀតណាម
ក្រោយត្រឡប់មកពីប្រទេសហ្វីលីពីន ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា នឹងត្រូវបន្តជួយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជាដើម្បីចូលរួមប្រកួតពានរង្វាន់ BTV Cup 2019 នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ។
តាមការគ្រោងទុក ក្រុមជម្រើសជាតិ U22 កម្ពុជា នឹងធ្វើដំណើរមកដល់មាតុភូមិវិញ នាវេលាម៉ោង ១១:៥៥នាទីយប់នេះ ក្រោយពីបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ជាប្រវត្តិសាស្ដ្រ។ ដោយឡែក សមាជិក U20 កម្ពុជា ត្រូវចេញដំណើរនៅថ្ងៃព្រហស្បត្តិ៍នេះនាវេលាម៉ោង ១:៥០នាទីរសៀលនេះ។
គួរឱ្យដឹងថា សម្រាប់ការប្រកួតពានរង្វាន់ BTV Cup 2019 នេះ ក្រុមនីមួយៗ ត្រូវប្រកួតត្រឹម ២ប្រកួតប៉ុណ្ណោះ ពោលគឺប្រកួតជម្រុះ ១ប្រកួត ហើយក្រុមឈ្នះឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ១ប្រកួត ខណៈក្រុមចាញ់ ក៏ត្រូវជួបដណ្ដើមចំណាត់ថ្នាក់លេខ៣ផងដែរ។