សូមអភ័យទោសក្រុម Liverpool ប្រសិនបើ Premier League ត្រូវប្រកាសទុកជាមោឃៈ
(BC-99)
ការលើកពេលប្រកួតបាល់ទាត់គ្រប់ក្របខណ្ឌទាំងអស់នៅប្រទេស អង់គ្លេស នាពេលនេះត្រូវបានគេមើលឃើញថាវាកំពុងតែឈានចូលមកដល់សម័យកាលដ៏សាហាវបំផុតក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅនេះ។
ដំណឹងដ៏អកុសលស្តីអំពីអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal-Mikel Arteta និងកីឡាករ Callum Hudson-Odoi របស់ក្រុមតោខៀវ Chelsea ដែលបានធ្វើតេស្តិ៍មានលទ្ធផលវិជ្ជមានចំពោះវីរុស Covid19 គឺជាដើមហេតុដែលបណ្តាលអោយមានការផ្អាកការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌ Premier League ដល់ដើមខែ មេសា ឬក៏ត្រូវមោឃភាពលទ្ធផលរដូវកាលនេះចោលតែម្តងប្រសិនបើគេមិនអាចធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបានទេ។
អ្នកនាំពាក្យក្រសួងកីឡារបស់ អង់គ្លេស បាននិយាយក្រោយពី Premier League ចេញសេក្តីប្រកាសអំពីការផ្អាកការប្រកួតនៅសប្តាហ៍ទី ៣០,៣១,៣២ របស់ខ្លួនថា គេមានសង្ឃឹមនិងរំពឹងថាការប្រកួតនៅក្របខណ្ឌកំពូលមួយនេះនឹងវឹលត្រឡប់មកកាន់សភាពដើមវិញ ដោយពួកយើងមានក្តីរីករាយចូលរួមអបអរក្រុមម្ចាស់ជើងឯករដូវកាលថ្មីខណៈដែល Liverpool មានសង្ឃឹមឈ្នះជើងឯកដល់ទៅ ៩០ ភាគរយ។ ក៏ប៉ុន្តែពួកយើងមានតែនិយាយពាក្យសូមអភ័យទោសទៅកាន់ Liverpool ក្នុងករណីដែលយើងមិនអាចបង្រ្កាបមេរោគឆ្លងអោយបានទាន់ពេលវេលាទេនោះ។ អ្វីៗនឹងធ្វើទៅតាមច្បាប់បានចែងឬក៏អាស្រ័យទៅលើកិច្ចពិភាក្សាដែលចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថាចាប់តាំងពីរងការវាយលុកដោយមេរោគងាយឆ្លង Covid19 តំបូងគេនៅក្របខណ្ឌ Italy Serie A មក អង់គ្លេស អៀរឡង់ និង ស្កត់ឡែន ក៏បានទទួលរងការវាយប្រហារជាបន្តបន្ទាប់ដែរ ក្នុងនោះប្រទេស អេស្ប៉ាញ ក៏បានទទួលរងផលប៉ះពាល់ដែរ។ ជាសរុបក្របខណ្ឌបាល់ទាត់ធំៗនៅ អឺរ៉ុប បានប្រកាសលើកពេលប្រកួតចាប់ពីសប្តាហ៍នេះតទៅនិងសន្មត់ថាអាចដាក់អោយប្រកួតជាបន្តទៀតបាននៅអំឡុងថ្ងៃទី៣ ខែមេសា ខាងមុខនេះ។