Thiago Silva បោះសម្ដីខ្លាំងៗដាក់ប្រិយមិត្តជនជាតិប្រេស៊ីលដែលគាំទ្រអាហ្សង់ទីន
ខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល Thiago Silva បាននិយាយព្រលះនូវសម្ដីខ្លាំងៗដាក់ជនរួមជាតិរបស់ខ្លួនមួយចំនួនដែលមិនគាំទ្រប្រទេសខ្លួនឯងក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America ចាញ់អាហ្សង់ទីន។
កីឡាករវ័យ៣៦ឆ្នាំបាននិយាយចំៗដាក់ជនជាតិប្រេស៊ីលដែលទៅគាំទ្រអាហ្សង់ទីន ដោយមិនគាំទ្រប្រទេសខ្លួនឯង។
ក្នុងការជំទាស់ទៅនឹងដំណោះស្រាយទប់ស្កាត់ការរាលដាលកូវីដ១៩ និងការមិនយល់ស្របលើការធ្វើម្ចាស់ផ្ទះ Copa America 2021 អ្នកគាំទ្រមួយចំនួនបានបង្ហាញចេតនាចង់ឃើញអាហ្សង់ទីនឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ។
Thiago Silva ថ្លែងបែបនេះ “៖ឥឡូវជាពេលត្រូវសម្រាកយកកម្លាំងវិញហើយ យើងនឹងល្អឡើងវិញ។ អ្នកដែលប្រឆាំងពួកយើងវិញ ខ្ញុំសង្ឃឹមថា ពួកគេនឹងសប្បាយចិត្ត។ កុំមកចង់ធ្វើជាមកជិតដិតជាមួយយើងដើម្បីផលប្រយោជន៍អ្វីឲ្យសោះ។ មិនបាច់ចង់មកសួរនាំ មកសុំសំបុត្រ សុំអាវ ឬថតរូបអីទេ។”
តាមពិតទៅ ដំបូងឡើយ គឺអាហ្សង់ទីនឯណោះទេដែលត្រូវធ្វើម្ចាស់ផ្ទះ Copa America 2021 តែដោយសារតែពលរដ្ឋប្រទេសនេះតវាពេកឲ្យទុកលុយប្រយុទ្ធប្រឆាំងកូវីដ១៩វិញ អ៊ីចឹងទៅក៏សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងអំពាវនាវឲ្យសមាជិកផ្សេងទទួលបន្ទុកបន្ត។ ចុះឡើងក៏ប្រេស៊ីលលូកដៃទទួលយកទាំងមានការតវាពីប្រជាពលរដ្ឋខ្លួនឯង៕