CTN នឹងផ្សាយការប្រកួតរបស់ម្ចាស់ខ្សែក្រវាត់ One ទាំងពីរនាក់បងប្អូន
ព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship ដែលស្ថានីយ៍ទូរទស្សន៍ CTN ផ្សាយបន្តផ្ទាល់នឹងមានការប្រកួតគូដណ្តើមខ្សែក្រវាត់ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ WORLD GRAND PRIX CHAMPIONSHIP ចំនួនពីរគូ រួមទាំងការប្រកួតគូពិសេសជាច្រើនក្នុងថ្ងៃគម្រប់សង្វៀនលើកទី១០០របស់ស្ថាប័នមួយនេះ ដែលធ្វើឡើងនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៩ ខាងមុខនេះនាទីក្រុងតូក្យូ ប្រទេសជប៉ុន ។
គូឯកប្រចាំព្រឹត្តិការណ៍នេះគឺជំនួបសងសឹករវាងម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី Angelina Lee ប៉ះកីឡាការិនីចិន Xiong Jing Nan ដែលជាម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion ។ ការប្រកួតនេះគឺលក្ខណៈ MMA ដោយ Xiong Jing Nan ត្រូវដណ្តើមខ្សែក្រវាត់លើកទី២ ជាមួយកីឡាការិនីសិង្ហបុរី Angelina Lee បន្ទាប់ពីធ្លាប់យកឈ្នះម្តងកាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៩ នៅប្រទេសជប៉ុន ។
Xiong Jing Nan ហ្វឹកហាត់នៅក្លិប Bali MMA ធ្លាប់មានបទពិសោធប្រកួតឈ្នះ១៧ និងចាញ់ម្តង ខណៈ Angelina Lee មានបទពិសោធប្រកួត MMA ឈ្នះ ៩ និងចាញ់ ២ ដង ។ ក្នុងថ្ងៃនោះដែរនៅមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ FLYWEIGHT WORLD GRAND PRIX CHAMPIONSHIP រវាងកីឡាករអាមេរិក Demetrious Johnson និងជើងឯកវ៉ូស៊ូរបស់ហ្វីលីពីន Danny Kingad ផងដែរ ។ មុនឈានមកដល់វគ្គចុងក្រោយនេះពួកគេទាំងពីរនាក់ត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមួយជើងខ្លាំងជាច្រើនដោយប្រកួតចុងក្រោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Johnson បានយកឈ្នះកីឡាករជប៉ុន TATSUMITSU WADA ចំណែក Danny Kingad បានឈ្នះពិន្ទុកីឡាករ អូស្ត្រាលី REECE MCLAREN ។
Johnson ជាអតីតម្ចាស់ខ្សែក្រវាត់ Flyweight MMA World Champion ដែលមានបទពិសោធប្រកួតឈ្នះ ២៩ ចាញ់ ៣ និងស្មើ ១ ហ្វឹកហាត់នៅក្លិប Evolve MMA ចំណែកដៃគូរបស់គេ Danny Kingad មានជំនាញក្បាច់វ៉ូស៊ូ ធ្លាប់ប្រកួត MMA ឈ្នះ ១៤ និងចាញ់ម្តង ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយគូទៀតគឺលើទម្ងន់ LIGHTWEIGHT WORLD GRAND PRIX CHAMPIONSHIP រវាងម្ចាស់ខ្សែក្រវាត់ ONE Lightweight កីឡាករសិង្ហបុរី Christian Lee ត្រូវតតាំងជាមួយជើងខ្លាំង BJJ របស់ប្រទេសទួរគី Arslanaliev ។ មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះកីឡាករ Arslanaliev បានផ្តួលកីឡាករសិង្ហបុរី AMIR KHAN ក្នុងទឹកទី១ ។ Christian Lee ដែលជាប្អូនប្រុស Angelina Lee មានបទពិសោធប្រកួតឈ្នះ ១២ និងចាញ់ ៣ ជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion ខណៈដៃគូរបស់គេ Saygid Guseyn Arslanaliev ធ្លាប់ប្រកួត MMA 9 ដង ឈ្នះ៨ និងចាញ់ម្តង ។
ក្រៅពីការប្រកួតគូពិសេសៗទាំងនេះនៅមានការប្រកួតគូខ្លាំងៗជាច្រើនទៀតដែលសរុបមានចំនួន១១គូ ដែលស្ថានីយ៍ទូរទស្សន៍ CTN នឹងចាប់ផ្តើមផ្សាយពីម៉ោង ៩ ព្រឹកពីទីក្រុង តូក្យូ ប្រទេសជប៉ុន ៕