កម្មវិធីប្រកួតនៅបារាំងរបស់កីឡាករគុនខ្មែរក្នុងខែតុលានេះត្រូវលុបចោលវិញ
កម្មវិធីដែលកីឡាករគុនខ្មែរចំនួន៥នាក់រួមជាមួយគ្រូបង្វឹកនិងថ្នាក់ដឹងនាំត្រៀមចេញទៅប្រកួតនៅប្រទេសបារាំងក្នុងអំំឡូងខែ តុលា ឆ្នាំ២០១៩ ខាងមុខនេះ ត្រូវលើកពេលវេលានៃការប្រកួតវិញហើយ ។
លោក ហួរ សុធី អ្នករៀបចំកម្មវិធីប្រកួតនៅបារំាងបានបញ្ជាក់ថា ការប្រកួតក្នុងខែនេះត្រូវលើកទៅធ្វើនៅអំឡុងខែ មេសា រឺ ឧសភា ឆ្នាំ ២០២០ វិញដោយសារកន្លែងដែលត្រូវរៀបចំការប្រកួតនៅខែតុលានេះត្រូវបានខាងប៉ូលីសយកធ្វើជាទីតាំងដាក់ជនភៀសខ្លួនចូលមកប្រទេសបារំាង ។
គួររំលឹកថា កីឡាករទាំងអស់គ្រោងនឹងទៅដល់ទីក្រុងបារីសប្រទេសបារាំងនាថ្ងៃទី ១៥ ខែ តុលា ខណៈការប្រកួតធ្វើឡើង នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ ប៉ុន្តែត្រូវលុបចោលវិញសម្រាប់ការប្រកួតក្នុងឆ្នាំនេះ ។
កីឡាករដែលគ្រោងទៅប្រកួតរួមមាន ធន់ អៀនឡៃ មកពីក្លិបក្រសួងការពារជាតិចេញទៅប្រកួត លើកដំបូងក្នុងទម្ងន់ ៥៧ គីឡូក្រាម និងមិត្តរួមក្លិបរបស់គេម្នាក់ទៀតគឺ លន បញ្ញា ប្រកួតទម្ងន់ ៦៣.៥ គីឡូក្រាម ។ អ្នកលេងកែង ធឿន ធារ៉ា ក៏មានឈ្មោះចេញទៅប្រកួតនៅទឹកដីប្រទេសបារាំងផងដែរ ដោយប្រកួតទម្ងន់ ៧១ គីឡូក្រាម ។ ម្ចាស់ពាន ISI Palm ដែលទើបប្រលងបាក់ឌុបជាប់ ឈុត សេរីវាន់ថង ក៏ជាបេក្ខភាពទៅប្រកួតនៅបារាំងដែរលើប្រភេទទម្ងន់ ៦០ គីឡូក្រាម និងចុងក្រោយ ឡុង សំណាង ដែលជា សិស្សនៃសាលាគុនខ្មែរ សាលវ័ន្ត កីឡាប្រកួតទម្ងន់ ៦៣.៥ គីឡូក្រាម ៕