ខុន រាជ ផ្ញើថវិកាពីប្រទេសជប៉ុនជួយកីឡាករ វេង សុភ័ក្រ និង អេ រដ្ឋា តាមរយៈគ្រួសារគុនខ្មែរ
ខុន រាជ គឺជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូប ដែលធ្លាប់មានឈ្មោះបោះសំលេងតាមរយៈរូបសម្រស់ស្រស់សង្ហានឹងផ្លៃកែងដ៏ល្អឥតខ្ជោះនឹងការទាត់ដ៏ល្អ។ តែពេលនេះរូបគេបានលាឈប់ពីសង្វៀនគុនខ្មែរ ហើយបានទៅបង្ហាត់ក្បាច់គុនខ្មែរនៅឯប្រទេសជប៉ុនអស់រយៈជាង៣ឆ្នាំមកហើយ។
ខុន រាជ បាននិយាយប្រាប់ MSR ថា នេះគឺជាលើកទី២ហើយ ដែលមកធ្វើជាគ្រូបង្ហាត់ក្បាច់គុនខ្មែរឲ្យជនជាតិជប៉ុន ហើយរូបគេក៏មិនទាន់ដឹងច្បាស់ពេលណាដែលត្រូវត្រឡប់មកស្រុកខ្មែរវិញឡើយ ។
ជាមួយគ្នានេះដែរ ក្នុងនាមជាអតីតកីឡាករគុនខ្មែរ១រូបដែលធ្លាប់លំបាកវេនា ហើយដឹងច្បាស់ពីជីវភាពរបស់អ្នកប្រដាល់គុនខ្មែរ ខុន រាជ ក៏បានផ្តល់ថវិកាបន្តិចបន្តួចជួយដល់កីឡាករគុនខ្មែរ វេង សុភ័ក្រ និង អេ រដ្ឋា ក្នុងម្នាក់ចំនួន៥០ដុល្លារ ដែលថវិកានេះផ្ញើជូនតាមរយៈគ្រួសារគុនខ្មែរ។ ខុន រាជ ក៏បានបន្ថែមឲ្យដឹងទៀតថា សម្រាប់ប្រាក់ខែនៅប្រទេសជប៉ុន ក្នុង១ខែរូបគេទទួលបានប្រហាក់ប្រហែល១ពាន់ដុល្លារ ដោយកាត់ថ្លៃស៊ីចាយខ្លះចេញទៅនៅសល់គួរសមសម្រាប់សន្សំទុកផងដែរ។
គួររំលឹកផងដែរថា ខុន រាជ ចាប់ផ្តើមអាជីពអ្នកប្រដាល់គុនខ្មែរដំបូងក្នុងឆ្នាំ២០០៥ ហើយបញ្ចប់អាជីពគុនខ្មែរក្នុងឆ្នាំ២០១៤ ដោយបានបន្សល់ទុកនៅខ្សែក្រវាត់១គ្រឿង ហើយសព្វថ្ងៃនេះទោះបីរូបគេទៅបង្ហាត់ជនជាតិជប៉ុននៅប្រទេសជប៉ុនក៏ពិតមែន តែរូបគេក៏នៅតែឆ្លៀតឡើងសង្វៀនប្រកួតយូរៗម្តងដែរ៕