ព្រំ សំណាង សមត្ថភាពឡើងដោយសារផ្អាកការសប្បាយនិងអ្នកគាំទ្រផ្ញើសារប្រាប់
ការវិលមកសង្វៀនវិញរបស់អ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង ពិតជាធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាង ខ្លាំងដោយបីប្រកួតចុងក្រោយនេះរូបគេផ្តួលដៃគូមិនអោយដល់ចប់ប្រាំទឹកពេញនោះទេ ។
តាមរយៈសមត្ថភាពកើនឡើងដូចនេះកូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថា ដោយសាររូបគេ ផ្អាកការសប្បាយជាមួយមិត្តភ័ក្កនិងការផ្ញើសារលើកទឹកចិត្តពីអ្នកគាំទ្រក្នុង Facebook ទើបធ្វើអោយ ខ្លួនមានកម្លាំងចិត្តប្រឹងហាត់ខ្លាំង ។
ព្រំ សំណាង និយាយ៖ បីប្រកួតនេះខ្ញុំធ្វើបានល្អដោយសារខ្ញុំឈប់ដើរសប្បាយដូចមុន ពីព្រោះខ្ញុំមានគេស្គាល់ច្រើនចឹងគេចេះតែហៅជួបជុំច្រើនធ្វើអោយការហាត់មិនបានពេញ ប៉ុន្តែក្រោយមកគ្រូគាត់បានណែនាំ និង មិត្ត ក្នុងហ្វេសប៊ុក ពួកគាត់ផ្ញើសារមកថាអោយខ្ញុំខំហាត់ បងល្អណាស់ គុនខ្មែរទម្ងន់ធ្ងន់មានតែបងទេ គេផ្ញើ មកច្រើន ចឹងក៏មានកម្លាំងចិត្តហើយ ដាក់ចិត្តខំឡើងវិញតែម្តង ។
សូមបញ្ជាក់ថា បីប្រកួតចុងក្រោយរបស់អ្នកប្រដាល់ខេត្តកំពង់ស្ពឺរូបនេះផ្តួលកីឡាករថៃ ភិតសាណាន់ ក្នុងទឹកទី២ ផ្តួលកីឡាករថៃ រុងណាក់ឆៃ ក្នុងទឹកទី១ និងសងសឹកកីឡាករថៃ កង ក ( ផាយ៉ាក់ដាំ ) អោយបោះបង់ការប្រកួតត្រឹមទឹកទី៣ ៕