ក្រោយពីចាញ់ក្តី លោកគ្រូ សាន់ សៅយ៉ាន់ បានប្រកាសលាឈប់ពីគណៈកម្មការអង្គចៅក្រម
បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍CNC បានប្រកាសដកបេក្ខភាព សុខ ធី ហៅ កាកា ចេញពីការប្រកួតប្រជែងពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវលកាលទី៣កាលពីថ្ងៃម្សិលមិញរួចមក។ ស្រាប់តែព្រលឹមស្រាងៗនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែវិច្ឆិកានេះ លោកគ្រូ សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់កីឡាករគុនខ្មែរ សុខ ធី ក៏បានប្រកាសលាឈប់ពីគណៈកម្មការអង្គចៅក្រមនឹងអាជ្ញាកណ្តាលប្រចាំស្ថានីយ៍ទូរទស្សន៍ ដោយហេតុផលថា មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ពិន្ទុ ហើយមមាញឹកនឹងការងារស្រែចំការ ម្យ៉ាងវិញទៀតពិបាកធ្វើពិបាកធ្វើដំណើរឡើងចុះ។
គួររំលឹកថា ស្ថានីយ៍ទូរទស្សន៍CNC និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចដកបេក្ខភាព សុខធី ចេញពីការប្រកួតពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវលកាលទី៣ ក្រោយពីលោកគ្រូ សាន់ សៅយ៉ាន់ បានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធប្រដាល់គុនខ្មែរ ដោយហេតុផលថា កូនសិស្សរបស់លោក សុខធី មិនសមប្រកួតចាញ់ពិន្ទុកីឡាករថៃ ធ្នូសឹកឡេក តែការដាក់ពាក្យបណ្តឹងនោះមិនទទួលបានជោគជ័យ ដែលធ្វើឲ្យលោកគ្រូនិងកូនសិស្សមិនសប្បាយចិត្តក៏សម្រេចចិត្តមិនមកប្រកួត ដោយលោកធ្លាប់បាននិយាយថា មិនខ្វះទេសម្រាប់ការប្រកួតរបស់ សុខ ធី នៅប្រទេសថៃនោះ ។