មឿន សុខហ៊ុច ថា ឌិនណាផូ ស្រួលវ៉ៃជាង ក្រៀងក្រៃ (វិឌីអូ សុខហ៊ុច និយាយ)
អ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច បង្ហើបថាជំនួបជាមួយអ្នកប្រដាល់ថៃ ឌិនណាផូ ក្នុងការផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីពីរអាចងាយស្រួលជាងការប៉ះជាមួយ ក្រៀងក្រៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ក្រោយធ្លាប់ជួបគ្នាក្នុងវគ្គសន្សំពិន្ទុរួចមកកូនសិស្សរបស់លោក ណន រិទ្ធ បញ្ជាក់ថាអ្នកប្រដាល់ ខេត្តសុរិន្ទ៍ ម្នាក់នេះមិនមានក្បាច់អ្វីដែលគ្រោះថ្នាក់ខ្លាំងនោះទេ ហើយក៏មិនសូវធ្ងន់ដែរពេលគេវ៉ៃចេញម្តងៗ ហើយបើធៀបជាមួយ ក្រៀងក្រៃ ដែលគេយកឈ្នះក្នុងកន្លងមកវាងាយស្រួលជាង ពីព្រោះ ក្រៀងក្រៃ រឹង ហើយវ៉ៃចេញមក ធ្ងន់ៗ ពេលប្រកួតហើយធ្វើអោយគេឈឺខ្លួនច្រើនថ្ងៃទៀតផង ។
អ្នកប្រដាល់ថៃ ឌិនណាផូ មិនដែលចាញ់នោះទេក្នុងវគ្គសន្សំពិន្ទុកន្លងមកដោយឈរនៅកំពូល តារាង ហើយរូបគេបានយកឈ្នះ ឆៃ សារ៉ា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែក សុខហ៊ុច ធ្លាប់ចាញ់ ឌិនណាផូ ក្នុងវគ្គសន្សំពិន្ទុម្តងហើយ ខណៈមុនដល់វគ្គផ្តាច់ព្រ័ត្ររូបគេបានបំបាក់ អ្នកប្រដាល់ថៃ ក្រៀងក្រៃ ។ ការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីពីរដែលមានប្រាក់រង្វាន់រហូតដល់ ២៤ លានរៀននេះនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែកញ្ញា នេះដោយចាប់ផ្តើមពីម៉ោង ១១ ព្រឹកតទៅនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ៕ អត្ថបទ៖ ជោគជ័យ