តោះ!មកដឹងមូលហេតុ ធឿន ធារ៉ា ធ្លាក់មកប្រកួតគូទី៤នៅ Max Muay Thai
អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលប្រិយ៍មិត្តគុនខ្មែរធ្លាប់តែឃើញការប្រកួតរបស់គេក្នុងសង្វៀន Max Muay Thai ដោយភាគច្រើនប្រកួតជាគូរងនិងគូឯកនោះ ឥឡូវត្រូវធ្លាក់មកប្រកួតក្នុងគូទី៤វិញហើយ។
បើយោងតាមសំដីរបស់មិត្តរួមក្រុមរបស់គេគឺ កីឡាករគុនខ្មែរ ឈាន ឡុង បានប្រាប់ MSR ឲ្យដឹងថា មូលហេតុដែល ធឿន ធារ៉ា ប្រកួតគូទី៤នោះ គឺដោយសារតែ ធារ៉ា បានបាត់មុខប្រកួតលើសង្វៀន Max Muay Thai យូរពេក ទើបខាងអ្នករៀបចំកម្មវិធីថៃ ទំលាក់មកប្រកួតក្នុងគូទី៤វិញ រឿងមួយទៀត ធឿន ធារ៉ា អាចប្រកួតក្នុងគូរងរឺក៏គូឯកនៅសង្វៀននេះបានវិញ លុះត្រាតែ អ្នកប្រដាល់គុនខ្មែររូបនេះត្រូវឧស្សាហ៍បង្ហាញវត្តមានលើសង្វៀនមួយនេះ ហើយត្រូវតែឈ្នះនឹងមានសម្ថភាពដូចដែលដែលធ្លាប់ប្រឡូកក្នុងសង្វៀនេះពីមុន។
គួរបញ្ជាក់ថា ការបាត់មុខពីសង្វៀនប្រទេសថៃដែលរូបគេធ្លាប់មានប្រជាប្រិយ៍ភាព ដោយសារតែអ្នកប្រដាល់គុនខ្មែររូបនេះជាប់ភារកិច្ចហ្វឹកហាត់ជំរើសជាតិគុនខ្មែរ និង មានបញ្ហាសុខភាព។ ជាមួយគ្នានេះ ធឿន ធារ៉ា ក៏ធ្លាប់ប្រកួតជាគូឯកក្នុងកម្មវិធីនេះពីមុនមកដែរ ដោយមានឈ្នះនឹងចាញ់។
ជាពិសេសធ្លាប់ប៉ះជើងខ្លាំងប្រទេសថៃគឺ គិតិ ស.ច ដែនរ៉ាកយ៉ង ដែលជាការប្រកួតមានអ្នកចាប់អារម្មណ៍ច្រើនបំផុតពីប្រជាជនខ្មែរនឹងថៃ។ សម្រាប់ការវិលមកវិញរបស់អ្នកប្រដាល់គុនខ្មែរនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ ត្រូវប្រកួតជាមួយកីឡាករថៃ សឿហ្វៃ ស.សាកសិទ្ធ ក្នុងតំណែងជាគូទី៤៕