ហ៊ីម សេរី នឹងបញ្ចប់ភាពកំលោះនៅ២ឆ្នាំទៀត
អស់រយះកាលជាង៨ឆ្នាំហើយដែលអ្នកប្រដាល់រូបនេះបានប្រកបអាជីពជាអ្នកប្រដាល់គុនខ្មែរ ពោលគឺ សេរី ចូលហ្វឹកហាត់គុនខ្មែរនៅអាយុ១៤ឆ្នាំរហូតមកដល់ពេលនេះ។ ក្នុងភាពជាកំលោះ កីឡាករគុនខ្មែរមាឌល្អិចចិត្តដំរី បាននិយាយប្រាប់ MSR SPORT ថារូបខ្លួននឹងរៀបអាពាហ៌ពិពាហ៌នូវ២ឆ្នាំបន្ទាប់ទៀត ព្រោះត្រូវការពេលវេលាសន្សំលុយ ហើយភរិយាទៀតសោតរូបគេគឺមិនយកអ្នកណា ក្រៅពីអ្នកនៅក្នុងភូមិជាមួយគេឡើយ ព្រោះថាជួញចិត្តប្រសើរជាងជួញឆ្ងាយ។
សូមជម្រាបថា ហ៊ីម សេរី គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលពូកែប្រើជង្គង់ ព្រោះថារាល់ការប្រកួតលក្ខណអន្តរជាតិម្តងៗភាគច្រើនកីឡាកររូបនេះតែងតែផ្តួលឲ្យដៃគូប្រកួតបោះបង់រឺក៏សន្លប់ដោយសារតែជង្គង់ពិឃាដរបស់ខ្លួន។ ហ៊ីម សេរី ដែលអ្នកផងទាំងពួងតែងតែហៅថា កីឡាករមាឌល្អិតចិត្តដំរី ដោយសារតែកីឡាករដែលជាកូនសិស្សសំណព្វរបស់លោក មាស សុខគ្រី រូបនេះមានរាងតូចហើយច្រើនតែប្រកួតលើប្រភេទទំងន់ស្រាល (៤៨ រឺ ៥២ គីឡូក្រាម) ។
កីឡាករដែលមានដើមកំណើតនៅស្រុកមោងខេត្តបាត់ដំបងរូបនេះ ចាប់ផ្តើមចូលហាត់ប្រដាល់គុនខ្មែរនៅវ័យ១៤ឆ្នាំ តែមិនដែលឈ្នះខ្សែក្រវាត់អ្វីម្តងនិងគេឡើយ ដោយភាគច្រើនគឺឈ្នះបានត្រឹមជើងឯកថ្នាក់ជាតិនិងប្រកួតដណ្តើមប្រាក់លានតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកស្នងគុនខ្មែរ សេរី ក៏មិនទាន់ដឹងពេលណាទេដែលនិងបោះបង់អាជីពមួយនេះ ព្រោះថាខ្លួនពិតជាស្រលាញ់គុនខ្មែរណាស់ ។ សេរី គឺជាបងគេបង្អោះក្នុងចំណោមបងប្អូនសុទ្ធតែប្រុស៥នាក់ តែបច្ចុប្បន្នមានតែ២នាក់ទេដែលប្រកបអាជីពគុនខ្មែរគឺរូបខ្លួន ហើយនឹងប្អូនប្រុសទី៣។
សព្វថ្ងៃនេះសេរីគឺជាកូនសិស្សនៅសាលាគុនតាព្រហ្មមានជ័យ ក្រោមការបង្វឹកបង្ហាត់ដោយលោក មាស សុខគ្រី បើនិយាយអំពីបទពិសោធន៌នៅលើសង្វៀនវិញគឺជាង១០០ដងហើយ។ នៅថ្ងៃស្អែកទី២៥ ខែឧសភា នេះ ហ៊ីម សេរី ត្រូវប្រកួតលក្ខណមិត្តភាពជាមួយកីឡាករថៃ ឆានហ៊ីន ដែលមកពីខេត្តសុរិន្ទ នៅសង្វៀន MYTV ចាប់ពីម៉ោង៨យបតទៅ៕