កូនរបស់លោក អេ ភូថង ទាំង៣នាក់ត្រូវបានសហព័ន្ធព្រមានឲ្យសងប្រាក់ទៅក្រសួងវិញ
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កំពុងតែមានប្រតិកម្មយ៉ាងខ្លាំងជាមួយកីឡាករ ជម្រើស ជាតិជាពិសេសគឺកូនរបស់កំពូលអ្នកប្រដាល់ អេ ភូថង ដែលមាន អេព្រីយ៉ានុត, អេ អាំម៉ារីនភូថង និងអេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា) ដែលបានចាកចេញទៅហ្វឹកហាត់ជាមួយក្លិបដទៃដោយគ្មានការអនុញ្ញាត នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំដ៏ធំមួយរវាងសហព័ន្ធកីឡាជាតិទាំងអស់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ។
លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានព្រមានថា ចំពោះកីឡាករត្រកូលអេទាំង៣រូបចាប់ពីពេលនេះទៅលោកលែងមានមនោសញ្ចេតនាទៀតហើយ ។ លោកនឹងលេងធម៌ក្ដៅតែម្ដង ចំពោះកីឡាករដែលមិនគិតពីប្រយោជន៍ជាតិគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ចាកចេញដោយគ្មានការអនុញ្ញាតបំពានកិច្ចសន្យា ។
លោកថា គ្រប់កីឡាករថ្នាលទាំងអស់ដែលមកប្រមូលផ្ដុំហ្វឹកហាត់សុទ្ធតែមានការព្រមព្រៀងគ្នា ចុះកិច្ចសន្យាត្រឹមត្រូវរវាងអាណាព្យាបាលជាមួយសហព័ន្ធ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃពីក្រសួងអប់រំ យុវជន និងកីឡា ក្នុង១ថ្ងៃជាង៤ម៉ឺនរៀល ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ កីឡាករ អេ វីរៈខាំឈីតភូថង និងកីឡាករ អេ អាំម៉ារីនភូថង ដែលជាកីឡាករថ្នាលទាំងពីរនាក់នេះ មានឈ្មោះនៅក្នុងបញ្ជីប្រមូលផ្ដុំរយៈពេល២ឆ្នាំមកហើយ ចំណែកកីឡាការិនី អេព្រី យ៉ានុត ដែលស្ថិតនៅក្នុងឈុតធំក៏ត្រូវមានវិធានការដែរ។ ចំណាត់ការតាមផ្លូវច្បាប់នោះគឺតម្រូវឱ្យពួកគេសងប្រាក់ឧបត្ថម្ភដែលបានបើកយកទៅចាយរយៈពេល២ឆ្នាំនោះមកវិញ ឬយ៉ាងណានៅមិនទាន់ដឹងទេ ទុកឱ្យក្រសួងជាអ្នកសម្រេចចុះ ។ ប៉ុន្តែនៅក្នុងកិច្ចសន្យាដែលបានចុះជាមួយសហព័ន្ធគឺបានចែងច្បាស់ថា ត្រូវតែសង ព្រោះគេខំចិញ្ចឹម២ឆ្នាំមកហើយបែរជារត់ចោលទៅវិញ។
បញ្ហានេះលោក អេ ភូថងដែលត្រូវជាឪពុកកីឡាករ-កីឡាការិនីត្រកូលអេ បានឱ្យដឹងដែរថា តាមពិតកិច្ចសន្យាហ្វឹកហាត់មានសុពលភាពត្រឹមតែអំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ប៉ុណ្ណោះ បានន័យថាមានដំណាក់កាលរបស់វា ។ ពេលនេះលោកបានសុំឱ្យកូនរបស់លោកឈប់ហ្វឹកហាត់ប្រដាល់ហើយដូច្នេះគ្មានអ្វីដែលត្រូវនិយាយទៀតទេ ទោះលោកចង់ឱ្យកូនៗទៅហ្វឹកហាត់នៅសហព័ន្ធណាក៏បានដែរ ។ សូមបញ្ជាក់ថា សម្រាប់រដូវកាលប្រមូលផ្ដុំក្រុមកីឡាជម្រើសជាតិទាំងឈុតធំនិងឈុតថ្នាលឆ្នាំ២០១៩ ចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា ខាងមុខនេះហើយ ៕ ប្រភព៖ កោះសន្តិភាព