ចាន់ វឌ្ឍនាកា នឹងប្រកាសថាលេងនៅក្លិបណា ពេលចរចាសម្រេច១០០ភាគរយ
ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ចេញមកបកស្រាយថារូបគេ ពិតជា កំពុងចរចាជាមួយក្លិបបរទេសមែន ប៉ុន្តែមិនមែនក្លិប Home United របស់សង្ហិបុរី ដូចព័ត៌មានមួយចំនួនបានចេញផ្សាយនោះទេ ។ អតីតសមាជិកក្លិប Fujieda MYFC បង្ហើបថាខ្ញុំពិតជាកំពុងចរចាជាមួយក្លិបបរទេសពិតមែន ហើយនឹងប្រកាសជាផ្លូវការពេលការព្រមព្រៀមឈានដល់ការសម្រេច១០០ភាគរយ ។
អតីតកីឡាកររបស់ក្លិប Pahang FA បានបញ្ជាក់លើ Page ផ្លូវការរបស់គេថា៖ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថាខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ ឬទៅធ្វើតេស្តនៅក្លឹបណាទេ ហើយក៏មិនទាន់អូខេជាមួយក្លឹបណានោះដែរ។ សូមបងប្អូនកុំយល់ច្រឡំ។ ខ្ញុំអាចបង្ហើបបានយ៉ាងខ្លីថា ខ្ញុំកំពុងចរចាជាមួយក្លឹបបរទេសពិតមែន ប៉ុន្តែមិនមែនក្លឹបដែលបងប្អូន និង ព័ត៌មានមួយចំនួនលើកឡើងនោះឡើយ។ ខ្ញុំនឹងប្រកាស ជាផ្លូវការលើទំព័រហ្វេសប៊ុក របស់ខ្ញុំនេះ នៅពេលណាការចរចាឈានដល់ការព្រមព្រៀង១០០%។ សូមអរគុណចំពោះការស្រលាញ់ និងការយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នា មកលើរូបខ្ញុំ។ សូមប្រកបដោយសំណាងល្អ និងជោគជ័យទាំងអស់គ្នា។»
សូមបញ្ជាក់ា ក្រោយចែកផ្លូវជាមួយក្លិប Pahang FA របស់ម៉ាឡេស៊ី ចាន់ វឌ្ឍនាកា មិនទាន់ចូលរួមជាមួយក្លិបណាមួយឡើយ ខណៈកាលពីពេលថ្មីនេះ Page ផ្លូវការរបស់ Home United បានបង្ហោះនៅលើ Instagram ថា ចាន់ វឌ្ឍនាកា និងកីឡាកររបស់អូស្ត្រាលី Isaka Cernak នឹងអាចមានម្នាក់បានលេងនៅក្លឹបរបស់ខ្លួន ៕