អ្នកគាំទ្រ Bilbao ចោលលុយក្លែងក្លាយលើទីលានឌឺដងដល់ Barca
ក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ អ្នកគាំទ្រក្លិបបាល់ទាត់ Athletic Bilbao បាននាំគ្នាយកលុយក្លែងក្លាយគប់ចូលទីលាន ដើម្បីបង្ហាញថា Barcelona បានសូកអាជ្ញាកណ្ដាលនាពេលកន្លងទៅ។ ក្នុងលុយនោះ ពួកគេក៏បានសរសេរថា “ក្រុមជនពាល (Mafia)។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតលើករណី Barcelona បង់ប្រាក់ដល់អតីតអនុប្រធានគណៈកម្មាធិការបច្ចេកទេសនៃមជ្ឈត្តកម្ម (CTA) លោក Jose Maria Enriquez Negreira ។
កាលពីថ្ងៃទី១១ ខែមីនា រាជអាជ្ញាបានចោទប្រកាន់ Negreira ថាបានទទួលប្រាក់ច្រើនជាង ៧លាន៣សែនអឺរ៉ូ ពី Barcelona ចន្លោះឆ្នាំ២០០១ និង២០១៨។ ខាងក្លិប Catalan អតីតប្រធាន Josep Maria Bartomeu និង Sandro Rosell ត្រូវបានចោទប្រកាន់ពីបទផ្តល់សំណូក។ ប្រធានក្លិបបច្ចុប្បន្នលោក Joan Laporta បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា Barca មិនពាក់ព័ន្ធនឹងបញ្ហានេះទេ។
ក្រុមមានមូលដ្ឋាននៅតំបន់កាតាឡូនីបានពន្យល់ថាខ្លួនបានបង់ប្រាក់ឲ្យលោក Negreira ក្នុងនាមជាអ្នកប្រឹក្សាដើម្បីផ្តល់របាយការណ៍ទាក់ទងនឹងអាជ្ញាកណ្តាលដែលគ្រប់គ្រងការប្រកួត La Liga ។ ប៉ុន្តែនៅពេលលោកផ្តល់សក្ខីកម្មនៅចំពោះមុខការិយាល័យអយ្យការ លោក Negreira មិនអាចបង្ហាញឯកសារណាមួយថាលោកមានតួនាទីប្រឹក្សាបែបនេះទេ។
នៅក្រោមច្បាប់របស់អេស្ប៉ាញ បុគ្គលដែលត្រូវបានស៊ើបអង្កេតអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៤ឆ្នាំសម្រាប់បុគ្គល ឬហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម។ ក្លឹប Barca អាចត្រូវពិន័យ ឬហាមមិនឱ្យដំណើរការ៕