កងកម្លាំងយោធា៥,២៧០នាក់នឹងជួយកម្មវិធីបើក និងបិទស៊ីហ្គេម២០២៣
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំងយោធិនចំនួន ៥,២៧០នាក់សម្រាប់ជួយដល់កម្មវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិ CAMSOC ពិសេសចូលរួមសម្ដែងអបអរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នេះជាការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន វ៉ាត់ ចំរើន បន្តថា កម្លាំងទាំងអស់នេះ (៥,២៧០នាក់) ត្រូវបែងចែកទៅតាមផែននីមួយៗ ដែលត្រូវការបណ្ដុះបណ្ដាល និងអនុវត្តការហ្វឹកហ្វឺនផ្នែកសម្ដែង ផ្នែកទស្សនីយភាព ផ្នែកជួយដល់កម្មវិធីទាំងមូលជាបណ្ដើរៗហើយ នៅឡើយតែធ្វើការបន្ស៊ីគ្នាជាមួយការអនុវត្តផ្ទាល់តែប៉ុណ្ណោះ។ CAMSOC ក៏បានដាក់ចេញនូវកម្មវិធីច្បាស់លាស់ ការទទួលខុសត្រូវខាងផ្នែកគ្រប់គ្រង និងតម្រូវការបច្ចេកទេសច្បាស់លាស់ ក្រោយការដាក់ការងារឲ្យគ្នាទៅវិញទៅមក ហើយរង់ចាំតែការរៀបចំទីតាំង និងពេលវេលាច្បាស់លាស់ ដើម្បីចាប់ផ្ដើមហ្វឹកហាត់ប៉ុណ្ណោះ។
ឯកឧត្តមបានបន្ថែមថា ក្រៅពីកម្លាំងយោធិន ដែលត្រូវបានចាត់ទុកជាកម្លាំងពិត CAMSOC ក៏ត្រូវការកម្លាំងជំនាញ និងស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីផ្គុំជាកម្លាំងពិសេសមួយ ដូចជាកម្លាំងជំនាញសិល្បករ-សិល្បការិនី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្លាំងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកម្លាំងផ្សេងៗទៀត ដើម្បីធានាបាននូវការសម្ដែងមួយដ៏អស្ចារ្យ និងទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕