ដើម្បីជាការដឹងគុណដល់កីឡាករកីឡាការិនីរបស់ខ្លួន អេហ្ស៊ីប និងប្រសិទ្ធនាមផ្លូវមួយចំនួនតាមឈ្មោះអត្តពលិកដែលទើបឈ្នះមេដាយអូឡាំពិកនៅជប៉ុន
កីឡាការិនីការ៉ាតេ Faryal Ashraf ជាម្ចាស់មេដាយមាសលើវិញ្ញាសាទម្ងន់លើស៦១គីឡូក្រាម ខណៈកីឡាករ Almed Elgendy បានមេដាយប្រាក់លើវិញ្ញាសា Mordern Pantathlong និងមេដាយសំរឹទ្ធ៤ ដែលសម្រេចបានដោយ កីឡាការិនីតេក្វាន់ដូ Hedaya Malak, កីឡាករតេក្វាន់ដូ Seif Eissa, កីឡាករចំប៉ាប់ Mohamed Ibrahim El-Sayed និងកីឡាការិនីការ៉ាតេ Giana Farouk។
ដូច្នេះដើម្បីលើកទឹកចិត្ត និងជាការដឹងគុណ លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi បានប្រកាសពីគម្រោងប្រសិទ្ធនាមបណ្តាផ្លូវមួយចំនួនតាមឈ្មោះអត្តពលិកដែលទើបដណ្តើមបានមេដាយអូឡាំពិកក្រុងតូក្យូ ដោយក្នុងនោះមាន មាស១ ប្រាក់១ និងសំរឹទ្ធ៤។
ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍រដ្ឋ លោក Sisi បានកោតសរសើរម្ចាស់មេដាយមាស និងម្ចាស់មេដាយ៥នាក់ទៀត ដែលបានរួមចំណែកលើកទង់ជាតិអេហ្ស៊ីបឲ្យខ្ពស់ឡើងលើឆាកអន្តរជាតិ។ លោកបានបញ្ជាក់ថា៖ «យើងបានប្រឹងប្រែងខ្លាំងនារយៈពេលចុងក្រោយនេះ ប៉ុន្តែខ្ញុំគិតថា មិនគ្រប់គ្រាន់នោះឡើយ យើងត្រូវកសាងធនធានកីឡា និងក្រុងកីឡាឲ្យបានច្រើនបន្ថែមទៀត»៕ ប្រភព៖ ថ្មីៗ