Ten Hag បានប្រាក់ឈ្នួល៩លានផោនក្នុងមួយឆ្នាំនៅ Man UTD
សារព័ត៌មានអង់គ្លេសរាយការណ៍ថា ការមកចូលរួមជាមួយ Manchester United ក្នុងនាមជាអ្នកចាត់ការថ្មីនោះ លោក Erik Ten Hag នឹងទទួលបានប្រាក់ឈ្នួល៩លានផោនក្នុងមួយឆ្នាំ។
កិច្ចសន្យារបស់គ្រូបង្វឹកជនជាតិហូឡង់នៅ Old Trafford មានសុពលភាពដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំបិសាចក្រហមបានចាយ១លាន៦សែនផោនដល់ Ajax Amsterdam ដើម្បីផ្ដាច់កុងត្រាយកលោក Ten Hag។
ថ្លៃឈ្នួល៩លានផោននេះ មានន័យថា គ្រូបង្វឹកវ័យ៥២ឆ្នាំឈរលំដាប់ទី៥ក្នុងចំណោមអ្នកចាត់ការបានប្រាក់ឈ្នួលច្រើនជាងគេនៅ Premier League។
លោក Pep Guardiola របស់ Manchester City ទទួលបាន១៩លានផោន។ លោក Jurgen Klopp បាន១៦លានផោននៅ Liverpool។ លោក Antonio Conte បាន១៥លានផោននៅ Tottenham Hotspur។ ចំណែកលោក Brendan Rodgers បាន១០លានផោននៅ Leicester City៕