កីឡាករ និងក្រុមការងារ Man UTD ច្រើននាក់តេស្ដវិជ្ជមានកូវីដ១៩
ក្រុមធំ Manchester United ត្រូវផ្លាស់ប្ដូរកម្មវិធីហ្វឹកហាត់របស់ពួកគេ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ១៩ក្នុងចំណោមកីឡាករ និងក្រុមការងារ។
បើតាមសារព័ត៌មាន SkySports កីឡាករ និងបុគ្គលិកមួយចំនួនបានប៉ះពាល់នឹងកូវីដ១៩ ក្រោយឈ្នះ Norwich ១ទល់នឹង០។ ការហ្វឹកហាត់របស់គេក៏ត្រូវបានលុបចោល។
សម្រាប់កីឡាករដែលអវិជ្ជមាននឹងហ្វឹកហាត់ដាច់ដោយឡែកដោយខ្លួនឯង។
បើតាមសារព័ត៌មាន the Guardian ការប្រកួតតទល់ Brentford នៅថ្ងៃទីអង្គារ ទី១៤ ខែធ្នូ ត្រូវបានពន្យារពេល។
នាពេលនេះ គណៈកម្មការ Premier League ក៏បានព្រមានពីការរាលដាលជំងឺកូវីដ១៩ក្នុងការប្រកួតដែរ។ ថ្មីៗនេះ ជំនួបរវាង Tottenham និង Rennes នៅ Europa League ក៏ត្រូវបានលើកពេល ដោយសារតែមានបញ្ហាដូចគ្នានេះ។ ការប្រកួតតទល់ Brighton ក៏ត្រូវបានលើកពេលដូចគ្នា៕