អ្នកគាំទ្របាល់ទាត់អាស៊ានសរសើរកីឡាករឡាវដែលជួយសង្គ្រោះផាត សុខា
ប្រិយមិត្តបាល់ទាត់ក្នុងតំបន់អាស៊ានសរសើរភាពជាអ្នកកីឡារបស់កីឡាករលេខ១៦ ឡាវ At Viengkham ដែលបានជួយសង្គ្រោះខ្សែការពារ ផាត សុខា របស់កម្ពុជា។
សុខា បានដួលក្រោយលោតជែងបាល់ជាមួយកីឡាករឡាវដើមវគ្គទី២។ បើតាមសារព័ត៌មានវៀតណាម Zing ខ្សែការពារមកពីណាហ្គាវើលដ៍រូបនេះមានអាការៈខាំថ្គាម តែត្រូវបាន At Viengkham ជួយសង្គ្រោះ ដោយយកម្រាមដៃដាក់ចូលមាត់សុខា មុនក្រុមការងារពេទ្យមកដល់។
ក្រោយការសម្រួលអាការៈបន្ថែមពីគ្រូពេទ្យ សុខា បានធូរស្បើយ និងបន្តប្រកួតវិញធម្មតា។ អតីតយុវជនបាទីរូបនេះក៏បានបញ្ជាក់លើគណនី Facebook ថា ស្ថានភាពរបស់គេបានល្អវិញហើយ និងសូមអរគុណអ្នកគាំទ្រគ្រប់គ្នា។
គួរបញ្ជាក់ថា U23 កម្ពុជាឈ្នះឡាវ ៤ទល់នឹង១៕