ក្លិបបាល់ទាត់ទើបបង្កើតថ្មីបាត់ដំបងអេហ្វស៊ីប្រកាសធ្វើតេស្ដរើសកីឡាករ
ក្លិបបាល់ទាត់ដែលទើបត្រូវបានបង្កើតថ្មី បាត់ដំបងអេហ្វស៊ីបានប្រកាសជ្រើសរើសកីឡាករដើម្បីចូលរួមធ្វើតេស្ដ និងឈានទៅចម្រាញ់យកអ្នកមានសមត្ថភាពជាកីឡាករពេញសិទ្ធិរបស់ក្លិប។
ការធ្វើតេស្ដនេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែធ្នូ នេះ វេលាម៉ោង ១២:០០ថ្ងៃត្រង់តទៅ ដោយបេក្ខជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
គួរដឹងដែរថា ក្លិបបាល់ទាត់បាត់ដំបងអេហ្វស៊ី ស្ថិតក្រោមការឧបត្ថម្ភពីមន្ទីរពេទ្យគង់រង្ស និងបានការអនុញ្ញាតពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង តំណាងខេត្តបាត់ដំបង ក្នុងការប្រកួតដណ្ដេីមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅរដូវកាលថ្មីខាងមុខ។
រដូវកាល២០២១កន្លងទៅ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងជាក្រុមតំណាងខេត្តបាត់ដំបងក្នុងពានសម្ដេចតេជោ ហ៊ុន សែន៕