ស៊យមែន! Salah ប៉េមិនចូលហើយ តែតបន្ថែមទៅបុកបង្គោលទៀត
មួយគ្រាប់ពី Ademola Lookman ក្នុងនាទី៥៩សមល្មមគ្រប់គ្រាន់នឹងផ្ដល់៣ពិន្ទុពេញដល់ Leicester City ពីជ័យជម្នះ១ទល់នឹង០លើ Liverpool ក្នុងការប្រកួត Premier League។
តាមពិតទៅ Liverpool មានឱកាសយ៉ាងល្អក្នុងនាទី១៥ តែការទាត់១១ម៉ែត្រពី Mohamed Salah ត្រូវបានសង្គ្រោះដោយអ្នកចាំទី Kasper Schmeichel ហើយគេព្យាយាមទៅតែតបន្ថែម តែបានបុកបង្គោលទីថែមទៀត។
Sadio Mane ក៏ចាក់ឱកាសចោលមួយចំនួនដែរ។ ផ្ទុយទៅវិញ Lookman ឯណោះប៉ះបាល់ជាលើកទី៤ និងសារ៉េញាក់ផុត Joel Matip ទាត់បញ្ចូលទីយ៉ាងល្អ ដែលអ្នកចាំទី Alisson មិនអាចសង្គ្រោះបាន។ នេះក៏ជាស៊ុតចំគោលដៅតែមួយគត់របស់ Leicester។
Leicester អត់មានកីឡាករជម្រើសដំបូង៣ទៅ៤នាក់ ហើយក៏ទើបតែចាញ់ Liverpool ដោយបាល់កាត់សេចក្ដី១១ម៉ែត្រក្នុងវគ្គ៨ក្រុម Carabao Cup សប្ដាហ៍មុន។
នេះជាបរាជ័យលើកទី២របស់ Liverpool នៅ Premier League រដូវកាលនេះ ហើយពួកគេស្ថិតក្រោម Manchester City ៦ពិន្ទុពីការប្រកួត១៩លើកដូចគ្នា និងស្មើពិន្ទុ Chelsea ដែលមាន៤១ពិន្ទុដូចគ្នា។ ក្រុមហង្សក្រហមក៏ប្រឈមនឹងការរអិលទៅលេខ៣ ប្រសិនបើ Chelsea ឈ្នះ Brighton & Hove Albion យប់នេះ។ ចំណែក Leicester ដែលទើបឈ្នះ២ដងក្នុងចំណោម៧ប្រកួតបានឡើងទៅលេខ៩ មាន២៥ពិន្ទុ៕