Manchester United បដិសេធសំណើរ Sevilla ក្នុងការខ្ចីជើងកីឡាករមួយរូបនៅខែមករាខាងមុខនេះ
កាលពីពេលថ្មីៗ Manchester United បានបញ្ចាក់ថានឹងបើកភ្លើងខៀវត្រៀមទទួលយកសំណើរពីគ្រប់ក្រុមទាំងអស់ដែលមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Anthony Martial ក្រោយពេលលោក Philippe Lamboley ដែលភ្នាក់ងាររបស់កីឡាករបារាំងរូបនេះនិយាយថា គេចង់ចាកចេញពី Old Trafford ដូចគ្នា។
យ៉ាងណាក្តី ក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍មកថា បដិសេធសំណើរ Sevilla ក្នុងការខ្ចីជើងអតីតសមាជិក AS Monaco នៅខែមករាខាងមុខនេះទៅវិញ ក្រោយពេលគ្រូបង្វឹកស្តីទី Ralf Rangnick និយាយថា លោកចង់ឱ្យកីឡាករនៅជួយក្លឹបសិន ព្រោះកីឡាករគួរតែយល់អំពីស្ថានភាពក្លឹបនាពេលបច្ចុប្បន្ននេះ ហើយលោកនឹងមិនឃាត់កីឡាករដែលចង់ចាកចេញពីក្លឹបនោះទេ។
គួរឱ្យដឹងថា កីឡាករបារាំងរូបនេះបានបង្ហាញខ្លួនឱ្យ Manchester United បានត្រឹមតែ១០លើកប៉ុណ្ណោះនៅរដូវកាលនេះ ដោយរូបគេស៊ុតបញ្ចូលទីបានត្រឹមតែ១គ្រាប់តែប៉ុណ្ណោះ ដែលជាហេតុធ្វើគេចង់មានឱកាសបង្ហាញខ្លួនឱ្យបានច្រើននៅលើទីលានជាងអង្គុយនៅកៅអីបម្រុង។
អតីតសមាជិក AS Monaco ខាងលើនេះបានផ្លាស់មកកាន់ទឹកដី Old Trafford នៅឆ្នាំ២០១៥ក្នុងតម្លៃខ្លួន៥០លានផោនក្រោមរជ្ជកាលដឹកនាំរបស់លោក Louis Van Gaal។