ធ្លាយដំណឹង Aguero ចង់ចេញពី Barca ក្រោយផ្ទុះរឿង Messi មិនបាននៅបន្ត
ខ្សែប្រយុទ្ធ Sergio Aguero មិនសប្បាយចិត្តទាល់តែសោះពេលដឹងថា FC Barcelona មិនអាចទុក Lionel Messi នៅកីឡដ្ឋាន Camp Nou បន្តទៀតបាន។
បើតាមសារព័ត៌មាន La Porteria កីឡាករទើបផ្លាស់ពី Manchester City ចង់ចាប់ដៃគូជាមួយ Messi ក្នុងតំបន់ប្រយុទ្ធ។ ដូច្នេះ ប្រសិនបើគ្មាន Messi ទេអនាគតរបស់គេនៅ Barcelona គឺគ្មានន័យ។
ដោយសារតែបែបហ្នឹងហើយបានជា Aguero ខឹង ហើយចង់ចេញ Barcelona ដែរ។ ទន្ទឹមនឹងនេះ ប្រភពដដែលបង្ហើបថា មេធាវីរបស់ Aguero កំពុងតែពិនិត្យលក្ខខណ្ឌក្នុងកុងត្រាឡើងវិញដើម្បីជួយវែកផ្លូវឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានចេញវិញ។
តាមពិតទៅ Aguero ទៅដល់ FC Barcelona ទើបបានជាងមួយខែប៉ុណ្ណោះ ដោយឥតម្លៃផ្ទេរ ក្រោយចប់កិច្ចសន្យានៅ Manchester City។ នៅអេស្ប៉ាញ គេព្រមទទួលប្រាក់ខែតិចជាង១០លានអឺរ៉ូ។ ប្រសិនបើ Barcelona ឈ្នះជើងឯក UEFA Champions League ២ឆ្នាំអីទៀត គេនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើនថែមទៀត៕