កីឡាករ Marseille ត្រូវ fan Nice វាយហើយ ប្រឈមនឹងការចាញ់ស្វ័យប្រវត្តិទៀត
ក្នុងនាទី៧៥នៃជំនួបក្របខណ្ឌកំពូលបារាំងតទល់ម្ចាស់ផ្ទះ Nice នៅថ្ងៃអាទិត្យ ទី២២ ខែសីហា កីឡាករ Marseille ត្រូវបានក្រុមអ្នកគាំទ្ររបស់គូប្រជែងមួយនេះចូលដេញវាយដល់ទីលាន។
ហេតុការណ៍គឺបែបនេះ! នៅពេលខ្សែបម្រើ Dimitri Payet ទៅទាត់បាល់ជ្រុង អ្នកគាំទ្រ Nice បានយកដបទឹកសុទ្ធគប់ម្ដងហើយម្ដងទៀត រហូតទាល់តែគេទ្រាំលែងបានក៏យកដបទឹកសុទ្ធទាំងនោះគប់ទៅវិញ។
កម្ដៅលើទីលានក៏កាន់តែឆាបឆួល ដោយអ្នកគាំទ្រ Nice បានសម្រុកចូលវាលស្មៅដេញវាយកីឡាករ Marseille។ ទោះមានការចូលជួយទប់ស្កាត់ពីភាគីសន្តិសុខ និងកីឡាករ Nice ក៏ពិបាកគ្រប់គ្រងស្ថានការណ៍។ កីឡាករមួយចំនួនរបស់ Marseille មានបញ្ហារបួស។
អាជ្ញាកណ្ដាលបានសម្រេចផ្អាកការប្រកួតមួយសន្ទុះ និងគ្រោងបន្តលេងទៀតដែរ ខណៈលទ្ធផលបណ្ដោះអាសន្ន Nice នាំមុខ១ទល់នឹង០ ប៉ុន្តែភាគីកីឡាករ Marseille មិនព្រម ព្រោះដឹងច្បាស់ថា អ្នកគាំទ្រ Nice មិនបណ្ដោយឲ្យលេងស្រួលៗទេ។
ដោយសារតែការបដិសេធមិនព្រមលេងបន្តនេះ ក្រុម Marseille ប្រឈមនឹងការចាញ់ដោយស្វ័យប្រវត្តិ៣ទល់នឹង០៕