Steven Gerrard៖ ខ្ញុំចង់មកដឹកនាំ Liverpool ណាស់ ប៉ុន្តែអ្នកគាំទ្រនៅតែចង់បាន Jurgen Klopp ជាគ្រូបង្វឹករបស់ពួកគេដដែល
កាលពីពេលថ្មីៗនេះ Liverpool កំពុងតែជួបវិបត្តិយ៉ាងខ្លាំងនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដោយបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ៨ ដែលធ្វើឱ្យកៅអីដឹកនាំរបស់គ្រូបង្វឹក Jurgen Klopp កំពុងឡើងកម្តៅយ៉ាងខ្លាំង។
បញ្ហាកីឡាកររបួស ក៏ដូចជាវិបត្តិខ្សែការពារ រួមជាមួយនឹងការចាញ់ចំនួន៦ប្រកួតជាប់ៗគ្នាហើយមិនដែលស្គាល់ពាក្យថាឈ្នះ៨លើកនៅក្នុងទឹកដីខ្លួនឯង បានធ្វើឱ្យបុរសជនជាតិកំពុងមានបញ្ហាយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១នេះក្នុងនាមជាក្រុមការពារតំណែងជើងឯកផងដែរ។
យោងតាមប្រភពសារព័ត៌មាននៅអង់គ្លេសបានចុះផ្សាយថា បុគ្គល២-៣រូបដ៏មានឥទ្ធិពលនៅទឹកដី Anfield បានសម្លឹងមើលឃើញបេក្ខភាពដែលសាកសមបំផុតក្នុងការមកដឹកនាំ Liverpool ជំនួសលោក Jurgen Klopp នារដូវកាលក្រោយនោះគឺអតីតខ្សែបម្រើ Steven Gerrard ដែលបានដឹកនាំ Rangers FC ឈ្នះពានរង្វាន់ក្របខ័ណ្ឌកំពូល Scottish Premiership ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ។
ដោយឡែកក្រោយពីទទួលបានដំណឹងអំពីការផ្សារភ្ជាប់ក្នុងការត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនសារជាថ្មីម្តងទៀត Steven Gerrard បានចេញមុខមកឆ្លើយតបថា៖ “ជាការពិតខ្ញុំពិតជាចង់ក្លាយជាគ្រូបង្វឹករបស់ Liverpool នៅថ្ងៃណាមួយណាស់ ព្រោះនេះគឺជាក្តីស្រម៉ៃរបស់ខ្ញុំ។ សម្រាប់ស្ថានភាពឥឡូវនេះខ្ញុំគិតថាពួកគេកំពុងជួបវិបត្តិ ប៉ុន្តែខ្ញុំគិតថាពួកគេនឹងអាចដោះស្រាយបាន។”
“អ្នកគាំទ្រទាំងអស់ពិតជាចង់ឱ្យ Jurgen Klopp នៅដឹកនាំក្លឹបជាបន្តទៀតរយៈពេលយូរ ហើយខ្ញុំក៏ដូចគ្នាដែរ ព្រោះគាត់គឺជាគ្រូបង្វឹកដ៏ល្អបំផុតនៅលើលោកនេះ ហើយពួកយើងចង់បានគាត់នៅទីនេះឱ្យបានយូរអង្វែង” នេះជាសម្តីរបស់អតីតប្រធានក្រុមក្រុមហង្សក្រហមបានបន្ថែម។
គួរឱ្យដឹងផងដែរថា បើទោះបីជួបលទ្ធផលមិនសមប្រកបក្នុងរយៈពេលថ្មីៗមកនេះ ប៉ុន្តែលោក Jurgen Klopp ត្រូវបានថ្នាក់លើរបស់ខ្លួននៅតែបន្តផ្តល់ឱកាសក៏ដូចជាទំនុកចិត្តដដែលដើម្បីដឹកនាំក្រុមរហូតដល់ដំណាច់រដូវកាលនេះ ប៉ុន្តែក្រុមត្រូវតែទទួលបានលទ្ធផលក៏ដូចជាសមិទ្ធផលល្អបំផុតផងដែរ បើសិនជាចង់បន្តតំណែងរបស់ខ្លួនជាបន្តទៀត។