ខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell ចាកចេញពី ព្រះខ័នរាជស្វាយរៀង
ខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell បានសម្រេចចិត្តចាកចេញពីក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រោយរួមរស់បានចំនួនពីររដូវកាលកន្លងមក ។
ក្លិបបាល់ទាត់មានមូលដ្ឋាននៅខេត្តស្វាយរៀង បានចេញផ្សាយថា : យើងទាំងអស់គ្នានៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោកីឡាករ 99 Jonny Campbell ហើយសូមជូនពរឱ្យគាត់មានសំណាងល្អនៅពេលដែលគាត់ចាកចេញពីពួកយើងដើម្បីបន្តអាជីពរបស់គាត់នៅក្លិបបាល់ទាត់ផ្សេងទៀត។ Jonny បាននៅជាមួយយើងចំនួន ២រដូវកាលដ៏អស្ចារ្យ ដោយការឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីកកាលពីឆ្នាំមុន និងបន្តលេងនៅវគ្គជម្រុះ AFC Cup រដូវកាលកាល ២០២០ ជាមួយយើង។
ខ្សែការពារសញ្ជាតិអាមេរិករូបនេះ បានលេងនៅកម្ពុជាដំបូងជាមួយក្លិប ភ្នំពេញក្រោន កាលពីឆ្នាំ ២០១៨ ហើយក៏បានផ្លាស់ទៅកាន់ ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាល ២០១៩ និងបានឈ្នះពានលីកកំពូលកម្ពុជា តែម្តង ខណៈឆ្នាំ ២០២០ រូបគេជួយក្លិបបានត្រឹម ជើងឯករង ក្រោយប្រជែងចាញ់ បឹងកេត ។
ក្លិបចំនួន៤នៅលីកកំពូលកម្ពុជាដែលអតីតកីឡាករ Miami city រូបនេះអាចនឹងទៅចូលរួមនារដូវ ២០២១ ក្នុងនោះមាន វិសាខា , បឹងកេត , ណាហ្គាវើល និង ភ្នំពេញក្រោន ៕