Roma ឈ្នះ១០-០ ក្នុងការប្រកួតមិត្តភាពដំបូងរបស់ Mourinho
លោក Jose Mourinho បានដឹកនាំ AS Roma ក្នុងការប្រកួតមិត្តភាពលើកដំបូង ដោយឈ្នះ Montecatini ដែលជាក្រុមមកពីលីគកម្រិតទាបមួយ ដោយលទ្ធផល១០ទល់នឹង០ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា។
ការប្រកួតនេះធ្វើឡើងនៅទីលានហ្វឹកហាត់ Fulvio Bernardini ដែលមិនអនុញ្ញាតឲ្យមានអ្នកចូលរួមទស្សនាឡើយ។
ខ្សែប្រយុទ្ធ Borja Mayoral ដែល Roma ខ្ចីពី Real Madrid រកបានហ៊ែតទ្រីក ខណៈគ្រាប់បាល់ដទៃទៀតធ្វើបានដោយ Carles Perez, Gianluca Mancini, Riccardo Calafiori, Nicolo Zniolo, Nicola Zalewski, Amadou Diawara និងគ្រាប់ចូលទីខ្លួនឯងពីក្រុម Montecatini។
នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា Roma នឹងជួបប្រកួតមិត្តភាពបន្តទៀតតទល់ Ternana ដែលនឹងមានផ្សាយផ្ទាល់ផងដែរ។
គួរដឹងដែរថា លោក Jose Mourinho បានចូលរួមជាមួយ AS Roma ដើមរដូវកាល២០២១/២០២២នេះ។ លោកទើបតែនាំចូលអ្នកចាំទី Rui Patricio ពី Wolverhampton ក្នុងតម្លៃ១១លានអឺរ៉ូ។
នៅក្រុមថ្មីនេះ បុរសជនជាតិព័រទុយហ្គាល់ជួបជាមួយកូនក្រុមចាស់នៅ Manchester United ២នាក់ដែរ គឺ Chris Smalling និង Henrikh Mkhitaryan។
បើតាមសារព័ត៌មានអង់គ្លេស អតីតអ្នកចាត់ការ Tottenham Hotspur ចង់យកខ្សែការពារស្ដាំ Alex Telles ពី Manchester United មកថែមទៀត តែមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយទេ៕