អេលីត ចំរើន មិនហ៊ានមើលស្រាល វិឆ័យ ប៉ុន្តែមានឱកាសផ្តាច់គឺផ្តាច់
ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាក្រុមទី២ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃសៅរ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះនាសង្វៀន ស៊ី អ៊ីន ស៊ី ឬស្សីកែវដោយបេក្ខភាពត្រូវប៉ះគ្នាគូ ជម្រុះចុងក្រោយនេះគឺ អេលីត ចំរើន ត្រូវប្រកួតជាមួយ សោម វិឆ័យ ។
អ្នកលេងរន្ទះជើង អេលីត ចំរើន បង្ហាញពីការត្រៀមខ្លួនរបស់គេយ៉ាងល្អក្នុងការប្រកួតដ៏ សំខាន់មួយនេះ ខណៈការជួប សោម វិឆ័យ ជាលើកទី១នេះរូបគេមិនទាន់សង្ឃឹមខ្ពស់នោះទេ ទោះបីមានការលើកឡើងថារូបគេមានភាគរយច្រើនក្នុងការឡើងទៅជុំបន្តយ៉ាងណាក្តី ។
ការប្រកួតរវាង អេលីត ចំរើន និង សោម វិឆ័យ នរណាឈ្នះនឹងឡើងទៅជួបជាមួយ ម៉ឺន មេឃា ដែលបានផ្តួលកីឡាករ សូត្រ វាសនា ក្នុងទឹកទី២ កាលពីពីរសប្តាហ៍មុន ការប្រកួតជម្រុះក្រុមទី២នេះ ។ អ្នកឈ្នះក្នុងក្រុមទី២នេះត្រូវប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកជើងឯក រួចបន្តទៅប៉ះជាមួយជើងឯកក្រុមទី១ គឺកីឡាករ ឃីម បូរ៉ា ដើម្បីប្រកួតយកខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះរដូវកាលទី២នេះ ។
សូមបញ្ជាក់ថា ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាក្រុមទី២ រវាង អេលីត ចំរើន និង សោម វិឆ័យ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃសៅរ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នាសង្វៀនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ ស៊ី អ៊ីន ស៊ី ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕