ប៉េតង់ជើងឯកថ្នាក់ជាតិ២០២៣បញ្ចប់ដោយជោគជ័យ
ការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាលទ្ធផលពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលថ្ងៃ សម្ព័ន្ធកីឡាប៊ូល និងប៉េតង់នៃកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយច្រើនជាង ពោល៥គ្រឿង ដែលមានមាស៣គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង។
សម្ព័ន្ធកីឡាប៊ូល និងប៉េតង់នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានមេដាយមាស១ និងសំរឹទ្ធ១ សរុប២គ្រឿង។ ចំណែកក្លិបវាយសីក្រសួងសេដ្ឋកិច្ច ក្លិបវាយសីសន្តិភាព ដណ្ដើមមបានមេដាយមាស មួយគ្រឿងដូចៗគ្នា ខណៈក្រសួងមហាផ្ទៃបានមេដាយប្រាក់២គ្រឿង។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានសម្ព័ន្ធ ក្លិប ចូលរួមចំនួន ៥៣ មក ពី១២ រាជធានី ខេត្ត និង៣ស្ថាប័ន កីឡាករ កីឡារិនី និងអ្នកទស្សនាសរុបទាំងអស់មានចំនួនប្រមាណ ៧០១នាក់ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រកួតលើវិញ្ញាសាចំនួន៦ រួមមាន៖ ១) បុរសវាយយកពិន្ទុ ២) នារីវាយយកពិន្ទុ ៣) បុរស ៣នាក់ទល់៣នាក់ ៤) នារី ៣នាក់ទល់៣នាក់ ៥) យុវជន អាយុ១៣-១៦ឆ្នាំ និង ៦) យុវនារី អាយុ១៣-១៦ឆ្នាំ។
ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រៀបចំឡើងក្នុងគោលបំណងលើក ស្ទួយវិស័យ កីឡាប៊ូល និងប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំង ប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ហើយក៏ជាវេទិកាសម្រាប់សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា សម្លឹងមើល កីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៊ូល និងប៉េតង់ មកចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត។