
Nick Taylor មិនហ៊ានរំពឹងខ្ពស់ ព្រោះកីឡាករឯទៀតសុទ្ធតែមានបទពិសោធ
កីឡាករកូនកាត់ខ្មែរអាមេរិក Nick Taylor មិនហ៊ានដាក់ក្ដីរំពឹងខ្ពស់ទេក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ពេលប៉ះបង់ក្លាដេស នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ខាងមុខ។
ខ្សែបម្រើស្លាបមកពីក្រុម B របស់ Orlando City SC នៃក្របខណ្ឌ Next Pro ដែលជាលំដាប់ទី២អាមេរិក សង្កត់ធ្ងន់ថា កីឡាករឯទៀតសុទ្ធតែមានបទពិសោធ ដូច្នេះ វាមិនងាយស្រួលទេសម្រាប់គេ។
“ ខ្ញុំអត់ហ៊ានរំពឹងអ្វីច្រើនទេ ចាំមើលអ្វីដែលនឹងកើតឡើង ជាលើកដំបូងសម្រាប់ខ្ញុំ។ គ្រប់គ្នានៅទីនេះសុទ្ធតែមានបទពិសោធ។ ខ្ញុំគិតថា វាពិបាក ក្នុងការដាក់ក្ដីរំពឹង អ៊ីចឹងយើងចាំមើលទាំងអស់គ្នា។”
នេះជាលើកដំបូងហើយដែលកីឡាករមានឪពុកជាជនជាតិអាមេរិក និងម្ដាយជាជនជាតិខ្មែរខាងលើបានឈានជើងមកដល់ទឹកដីកំណើតម្ដាយរបស់គេ។ គេក៏ជាកីឡាករខ្មែរកាត់អាមេរិកទី១ដែលបានជាប់ជម្រើសជាតិកម្ពុជាដែរ៕