ស្លាកប្រធានក្រុមដែល Cristiano Ronaldo បោះចោល ដេញថ្លៃបាន៧ម៉ឺនដុល្លារដើម្បីជួយក្មេងវះកាត់
កាលពីសប្តាហ៍មុន ស្លាកប្រធានក្រុមដែលកីឡាករ Cristiano Ronaldo បានបោះចោលក្នុងអំឡុងពេលប្រកួតទល់នឹងក្រុមជម្រើសជាតិស៊ែបនោះ ត្រូវបានគេរើសយកទៅដាក់ដេញថ្លៃយកប្រាក់ជួយដល់ក្មេងស្រីម្នាក់វះកាត់ជំងឺស្វិតដៃជើង។
តាមពិតទៅ បុគ្គលិកមួយរូបដែលបម្រើការនៅកីឡដ្ឋានបានរើសយកស្លាកដៃរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយគេបានសម្រេចចិត្តយកស្លាកដៃនោះទៅឱ្យមូលនិធិមួយដើម្បីដាក់ដេញថ្លៃយកប្រាក់ជួយដល់ក្មេងស្រីសញ្ជាតិស៊ែបវ័យ៦ឆ្នាំម្នាក់មានឈ្មោះថា ឈ្មោះ Gavril Djurdjevic ដែលត្រូវការការវះកាត់ជាចាំបាច់ ព្រោះកំពុងស្ថិតនៅដំណាក់កាលដ៏ធ្ងន់ធ្ងរ។
តាមការប្រកាសលក់ ស្លាកប្រធានក្រុមរបស់សមាជិក Juventus រូបនេះត្រូវបានដាក់ដេញថ្លៃបានដល់ទៅតម្លៃ៧ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ខណៈភាគីដែលទិញនោះគឺមិនត្រូវបានបញ្ចេញអត្តសញ្ញាណឱ្យបានដឹងថាជានរណានោះទេ។
គួររំលឹកថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានបោះស្លាកប្រធានក្រុមចោលនៅក្នុងការប្រកួតវគ្គជម្រុះទល់នឹងក្រុមជម្រើសជាតិស៊ែប ក្រោយពេលលោកអជ្ញាកណ្តាលមិនបានផ្តល់បាល់បញ្ចូលទីឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់នៅចុងម៉ោង។