Juventus ដកកីឡាករ៣មិនឲ្យប្រកួតយប់នេះព្រោះបំពានច្បាប់កូវីដ
អ្នកចាត់ការសេះបង្កង់ Juventus លោក Andrea Pirlo បានដកឈ្មោះ Weston McKennie, Paulo Dybala និង Arthur ចេញពីបញ្ជីឈ្មោះសម្រាប់ការប្រកួត Serie A នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា នេះទល់នឹង Torino ក្រោយពួកគេបានរំលោភលើពិធីសារការពារជំងឺកូវីដ១៩។
អ្នកទាំង៣ត្រូវបានពិន័យដោយក្លិបបន្ទាប់ពីខ្សែបម្រើអាមេរិក McKennie បានរៀបចំពិធីជប់លៀងអាហារពេលល្ងាចកាលថ្ងៃពុធ។
ខ្សែប្រយុទ្ធអាហ្សង់ទីន Dybala និងខ្សែបម្រើប្រេស៊ីល Arthur ស្ថិតក្នុងចំណោមភ្ញៀវ ១០ នាក់នៅក្នុងពិធីជួបជុំនេះ។ បច្ចុប្បន្នប្រទេសអ៊ីតាលីមានបម្រាមគោចរទូទាំងប្រទេសចាប់ពីម៉ោង ២២៖០០ ដល់ ០៥៖០០ ជារៀងរាល់ថ្ងៃ។
លោក Pirlo បាននិយាយកាលពីថ្ងៃសុក្រថា “៖កីឡាករទាំង៣ដែលចូលរួមមិនត្រូវបានកោះហៅសម្រាប់ការប្រកួតទេ ខ្ញុំបានសម្រេចចិត្ត ហើយក្លិបបានធ្វើអ្វីៗដែលនៅសល់។ វាមិនមែនជាពេលវេលាត្រឹមត្រូវទេក្នុងការធ្វើវា (ពិធីជប់លៀង) យើងគឺជាគម្រូហើយវាជាការត្រឹមត្រូវដែលយើងមានឥរិយាបទបែបនេះ។”
ក្រុមសេះបង្កង់ Juventus ដែលកំពុងទន្ទឹងរង់ចាំដណ្តើមពានរង្វាន់ Serie A លើកទី១០ជាប់ៗគ្នា កំពុងឈរនៅលេខរៀងទី៣ តាមពីក្រោយក្រុមកំពូលតារាង Inter Milan ១០ពិន្ទុ ។
Pirlo ស្ថិតក្នុងរដូវកាលដំបូងក្នុងនាមអ្នកចាត់ការ Juventus ហើយរបាយការណ៍កាសែតអ៊ីតាលីបានលើកឡើងថា គេអាចប្រឈមមុខនឹងការបាត់បង់តំណែងប្រសិនបើបានលទ្ធផលមិនល្អនៅ២ប្រកួតបន្ទាប់៕