ខឹងរឿងក្លិបផុសលេងសើច គ្រូបង្គោលម្នាក់លាឈប់មែនទែន
លោក Stefan Fogorosi បានសម្រេចលាឈប់ពីតំណែងគ្រូបង្គោលក្លិប Galda de Jos ភ្លាមៗ បន្ទាប់ពីក្លិបនេះបង្ហោះព័ត៌មានបែបលេងសើចចំទិវាកុហកខែមេសា ឬ April Fool’s Day។
យោងតាមវិបសាយ Sports.ro ឲ្យដឹងថា ក្លិបនៅលីគទី៣រ៉ូម៉ានីមួយនេះសរសេរថា លោក Stefan Fogorosi ត្រូវបានបណ្ដេញចេញពីតំណែងនៅថ្ងៃ April Fool’s Day។
ពួកគេសរសេរបែបនេះ “៖សូមអរគុណដល់លោកគ្រូ Fogorsi ចំពោះការទទួលយកការប្រកួតប្រជែងនេះ។ យើងយល់ពីសមត្ថភាពដែលឈានទៅកម្រិតសេរ៉ូតែម្ដង ពេលដែលមិនឈ្នះសោះ៣ប្រកួតចុងក្រោយ។ អ្វីដែលជាជម្រើសល្អនោះ គឺមានតែចែកផ្លូវគ្នានេះឯង។ ឥឡូវគ្រូបង្វឹក គឺជាម្ចាស់ក្លិប និងកូនគាត់។”
ការលេងសើចបែបនេះក៏បានក្លាយជាការពិតនៅពេលលោក Fogorosi បានដឹងពីរឿង ហើយខឹងមែនទែនតែម្ដង។ គ្រូបង្វឹករូបនេះមិនបានចូលរួមការហ្វឹកហាត់ ហើយក៏មិនលេចមុខពេលប្រកួតនៅថ្ងៃសុក្រ ទី០២ ខែមេសា ដែរ។
យ៉ាងណាលទ្ធផល៣ប្រកួតកន្លងមកជាក់ស្ដែងក្រោមការដឹកនាំរបស់លោក Fogorosi គឺមិនដែលឈ្នះមែន។
គួរដឹងដែរថា April Fool’s Day ជាវប្បធម៌ពីលោកខាងលិចដែលគេចូលចិត្តធ្វើរឿងកុហកលក្ខណៈលេងសើចរៀងរាល់ថ្ងៃទី០១ ខែមេសា៕