Sociedad លើកពាន Copa del Rey លើកដំបូងក្នុងរយៈពេល៣៤ឆ្នាំ
Real Sociedad បានបញ្ចប់ការរង់ចាំរយៈពេល៣៤ឆ្នាំដើម្បីលើកពាន Copa del Rey ក្រោយឈ្នះ Athletic Bilbao យ៉ាងតានតឹងក្នុងវគ្គផ្ដាច់ព្រ័ត្រនាក្រុង Seville។
ក្រោយពិនិត្យ V.A.R អស់រយៈពេល៥នាទី អាជ្ញាកណ្ដាលក៏សម្រេចផ្ដល់បាល់១១ម៉ែត្រ ហើយ Mikel Oyarzabal បានទាត់បញ្ចូលទីបានសម្រេចក្នុងនាទី៦៣ និងជាគ្រាប់ជ័យជម្នះតែមួយគត់ ផ្ដល់តំណែងជើងឯកដល់ Sociedad សម្រាប់រដូវកាល២០១៩/២០២០។
ដំបូងឡើយ Inigo Martinez ហៀបនឹងបានកាតក្រហមទៅហើយ ក្រោយបង្កកំហុសលើ Portu ក្នុងប្រអប់អ្នកចាំទី តែក៏ត្រូវបានប្ដូរការសម្រេចចិត្តផ្ដល់ត្រឹមកាតលឿងវិញ។
Martinez មានឱកាសស៊ុតកៀកទីដែរ តែផុតបង្គោល។ David Silva អតីតកីឡាករ Manchester City លេងបាន៨៥នាទីឲ្យ Sociedad ខណៈ Nacho Monreal អតីតខ្សែការពារឆ្វេង Arsenal លេងពេញម៉ោងតែម្ដង។
ក្រុមទាំង២ត្រូវប៉ះគ្នាម្ដងទៀតនៅ La Liga។ Sociedad បច្ចុប្បន្នឈរលេខ៦ និង Bilbao លេខ៩។
ដោយឡែក Bilbao ត្រូវប្រកួតផ្ដាច់ព្រ័ត្រ Copa del Rey ២០២០/២០២១ តទល់ Barcelona នៅថ្ងៃទី១៧ ខែមេសា៕