Man City ត្រូវការឈ្នះតែ៤ដងទៀតដើម្បីលើកពាន Premier League
លោក Pep Guardiola អ្នកចាត់ការ Manchester City និយាយថា មិនអាចបំភ្លេចរដូវកាលនេះបានទេ ខណៈក្រុមកំពូលតារាងកាន់តែកៀកតំណែងជើងឯក Premier League ក្រោយឈ្នះក្រុមលេខ៣ Leicester City ០ទល់នឹង២។
Benjamin Mendy និង Gabriel Jesus ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ក្រុមមេឃខៀវ មានន័យថា ពួកគេត្រូវការតែ១១ពិន្ទុពីការប្រកួត៧លើកទៀតដើម្បីគ្រងតំណែងជើងឯក Premier League ជាលើកទី៣ក្នុងរយៈពេល៤រដូវកាល។
“ខ្ញុំចូលចិត្តការប្រកួត Premier League ជាងការប្រកួតណាណាទាំងអស់។ យើងកាន់តែកៀកហើយ។” លោក Pep ថ្លែងបែបនេះក្រោយក្រុមរបស់លោកកំពុងនាំមុខកំពូលតារាង១៧ពិន្ទុ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបន្ថែម “៖ក្រុមជើងឯក គឺ Liverpool ប៉ុន្តែយើងជិតដណ្ដើមបានពីពួកគេហើយ។”
Manchester City ដែលលេងបាន៣១ប្រកួត មាន៧៤ពិន្ទុ ខណៈក្រុមលេខ២ Manchester United មាន៥៧ពិន្ទុពីការប្រកួត២៩លើក។ ក្រុមលោក Pep Guardiola បានលើកពាន Premier League ២លើកជាប់ៗគ្នា ក្នុងរដូវកាល២០១៧/២០១៨ និង២០១៨/២០១៩៕