ជំនួបរវាង វិសាខា និងក្លិប Lalenok United នៅ AFC Cup ត្រូវពន្យាពេល
ជំនួបរវាងក្លិបបាល់ទាត់ វិសាខា របស់កម្ពុជា តទល់ជាមួយ ក្លិបមកពីទីម័រ FC Lalenok United ក្នុងពានរង្វាន់ លំដាប់ទី២របស់ អាស៊ី AFC Cup 2021 ត្រូវបានពន្យាពេលនៃការប្រកួតដែលត្រូវប្រកួតនៅថ្ងៃទី ២៨ ខែ មេសា ២០២១ ទៅប្រកួតនៅថ្ងៃទី ១៩ ខែ ឧសភា ២០២១ វិញ ។
ការប្រកួតវគ្គ Play Off ដែលគ្រោងរៀបចំនៅទឹកដីកណ្តាលនាប្រទេសសិង្ហបុរី នេះត្រូវលើកពេលវេលាដោយសារបញ្ហាកូវីដ១៩ ដែលកំពុងរីករាលដាលកាន់តែខ្លាំង ។ ក្លិប វិសាខា ដែលជាជើងឯកពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ ២០២០ ត្រូវប្រកួតដំបូងជាមួយក្លិបមកពីទីម័រ FC Lalenok United ដែលជាក្រុមជើងឯកពានរង្វាន់ Copa FFTL របស់ទីម័រ បើសិនក្រុមរបស់កម្ពុជាឈ្នះនឹងឡើងបន្តទៅជួបក្រុមមកពីឥណ្ឌូនេសុី Persipura Jayapura ។ ដូចនេះបើ វិសាខា ឈ្នះក្រុមទាំងនេះទើបមានសិទ្ធចូលទៅកាន់វគ្គចែកពូលពានរង្វាន់ AFC Cup ២០២១ បាន ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ វិសាខា ទើបលេងបាន១ប្រកួតតែប៉ុណ្ណោះក្នុងរដូវកាលថ្មីនៃលីគកំពូលបាល់ទាត់កម្ពុជាដោយស្មើជាមួយក្រុម Tiffy Army លទ្ធផល ០ ទល់ ០ ក្រោយមកក៏ខកខានការប្រកួតជាបន្តបន្ទាប់ដោយសារបញ្ហាកូវីដ១៩ នៅកម្ពុជាបានកើតមានកាន់តែច្រើន ដែលធ្វើអោយសហព័ន្ធបានផ្អាកការប្រកួតលីគមកដល់បច្ចុប្បន្ន ៕

FC Lalenok United