Tuchel បង្ហើបថា ទទួលបានសារជូនពរពី Lampard
លោក Thomas Tuchel បង្ហើបថា ទទួលបានសារជូនពរពីលោក Frank Lampard ក្រោយចូលកាន់តំណែងជាអ្នកចាត់ការថ្មីក្លិប Chelsea។
អ្នកចាត់ការថ្មីជនជាតិអាល្លឺម៉ង់រៀបរាប់បែបនេះ “៖ខ្ញុំសូមផ្ដល់ការគោរពចំពោះ Lampard។ ខ្ញុំធ្លាប់ជា fan ម្នាក់របស់គាត់ពេលគាត់នៅលេង។ មើលគាត់លេងពិតជាសប្បាយណាស់។ ខ្ញុំទទួលបានសារពីគាត់ និងសង្ឃឹមថា នឹងបានជួបគ្នា។”
លោក Tuchel ត្រូវបានតែងតាំងចូលកាន់កៅអីអ្នកចាត់ការនៅ Stamford Bridge មិនដល់មួយថ្ងៃផង ក្រោយប្រកាសការចាកចេញរបស់លោក Lampard។ ទោះធ្លាប់ជាកីឡាករឆ្នើម និងជាវីរបុរស Chelsea លោក Lampard មិនអាចរក្សាតំណែងរបស់ខ្លួនបានឡើយ ដោយសារលទ្ធផលមិនសូវល្អបន្តបន្ទាប់នៅ Premier League។
យ៉ាងណា ការដកតំណែងលោក Lampard ក៏ធ្វើឲ្យថ្នាក់ដឹកនាំក្លិប Chelsea ទទួលការរិះគន់ខ្លាំងដែរ។
ដោយឡែក ការដឹកនាំរបស់អ្នកចាត់ការថ្មី Thomas Tuchel ក្នុងប្រកួតដំបូងនៅ Premier League គឺបានត្រឹមស្មើ០ទល់នឹង០ជាមួយ Wolverhampton៕