Suarez ពិចារណាចូលនិវត្តន៍ក្នុងនាមកីឡាករបាល់ទាត់
ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានឱ្យដឹងថា ខ្សែប្រយុទ្ធ Luis Suarez កំពុងពិចារណាលើការព្យួរស្បែកជើងក្នុងនាមជាកីឡាករ ដោយសារតែរបួសជង្គង់។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយរូបនេះត្រូវបានគេនិយាយថាបានពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល Gremio ពីបំណងចង់ចូលនិវត្តន៍នៅអាយុ ៣៦ឆ្នាំ។ Suarez មានរបួសជង្គង់ ដែលការព្យាបាលហាក់មិនសូវគាប់ប្រសើរ។
អតីតតារាហង្សក្រហម Liverpool បានរងរបួសជង្គង់ក្នុងខែមករាឆ្នាំ២០២០។ ពេលលេងឱ្យ Barcelona គេមានការឈឺចាប់ ហើយត្រូវទទួលការវះកាត់។ ដំបូងឡើយ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយត្រូវបានគេរំពឹងថានឹងត្រូវចំណាយពេល ៤ ខែដើម្បីជាសះស្បើយ។ យ៉ាងណាមិញ វាកើនឡើងដល់ទៅ៨ខែ។
Suarez មានកុងត្រាជាមួយ Gremio រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ គេបានចូលរួមជាមួយក្លឹបប្រេស៊ីលក្នុងខែមករា បន្ទាប់ពីចាកចេញពី Nacional ដោយស៊ុតបញ្ចូលទីបាន ១៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ ដងក្នុង២៥ប្រកួត។ គេ និង Gremio បានឈ្នះជើងឯកសហព័ន្ធចំនួនពីរ Recopa Gaucha និង Campeonato Gaucho៕