ឃុំខ្លួនអ្នកគាំទ្រវ័យ១៩ឆ្នាំម្នាក់៦សប្ដាហ៍ពីបទរើសអើងពូជសាសន៍លើ Rashford
អ្នកគាំទ្របាល់ទាត់វ័យ១៩ឆ្នាំម្នាក់ត្រូវបានកាត់ឲ្យជាប់ឃុំ៦សប្ដាហ៍ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងរើសអើងលើ Marcus Rashford ក្រោយចប់យុទ្ធនាការ Euro 2020។
សារព័ត៌មាន Goal រាយការណ៍ថា, ភ្នាក់ងារសេវារាជអាជ្ញាបានបញ្ជាក់ពីព័ត៌មាននេះរួចរាល់ហើយ។ មុនការកាត់ទោស សមត្ថកិច្ចបានស៊ើបអង្កេតយ៉ាងល្អិតល្អន់លើអត្តចរិតរបស់អ្នកគាំទ្របាល់ទាត់រូបនោះ។
ក្រោយអង់គ្លេសចាញ់អ៊ីតាលីក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2020 អ្នកគាំទ្ររូបនោះបានផុសលើបណ្ដាញសង្គម ដោយពាក្យរើសអើង និងប្រទេចលើខ្សែប្រយុទ្ធ Manchester United ដែលទាត់បាល់កាត់សេចក្ដី១១ម៉ែត្រមិនចូល។
ជាបឋម អ្នកគាំទ្ររូបនោះបានព្យាយាមផ្លាស់ប្ដូរត្រកូលរបស់ខ្លួនដើម្បីបញ្ចៀសពីការស្វែងរកដោយសមត្ថកិច្ច។ ឆ្លងកាត់ការស៊ើបអង្កេត ជនជាប់ចោទដំបូងឡើយ បានបដិសេធទង្វើរបស់ខ្លួនដែរ តែក្រោយមកក៏ទទួលស្គាល់វិញ៕