ក្រោយធ្លាក់ពី UCL ស្រាប់តែមានព័ត៌មាននេះពាក់ព័ន្ធអនាគត CR7
សារព័ត៌មានវៀតណាម Zing បានលើកឡើងថា បន្ទាប់ពីទទួលបានលទ្ធផលមិនសមប្រកបក្នុងពានរង្វាន់ UEFA Champions League កេរ្ដិ៍ឈ្មោះ Cristiano Ronaldo ហាក់ឃ្លាតពីក្រសែភ្នែក Juventus។
ចំណែកសារព័ត៌មាន Sky Sport បានស្រង់សម្ដីលោក Fabio Paratico នាយកក្លិប Juventus ថា ក្លិបមិនទាន់សម្រេចបន្តកិច្ចសន្យា CR7 ឬយ៉ាងណាទេ ព្រោះមិនទាន់ប្រញាប់នៅឡើយ។ ថ្នាក់ដឹកនាំត្រូវការពេលវេលាពិភាក្សាថែមទៀត។
កិច្ចសន្យារបស់អតីតកីឡាករ Manchester United និង Real Madrid នៅ Juventus នឹងអស់សុពលភាពក្នុងខែមិថុនា ឆ្នាំ២០២២។ កាលពីមុន ព័ត៌មាននៅអ៊ីតាលីរាយការណ៍ថា ក្រុមសេះបង្កង់ចង់បន្តកិច្ចសន្យារបស់ Ronaldo ដែរ ទោះវ័យរបស់គេឈានដល់៣៦ឆ្នាំទៅហើយក្ដី។
Ronaldo បានចូលរួមជាមួយក្រុមជើងឯកលីគកំពូលអ៊ីតាលីក្នុងទីផ្សារដោះដូររដូវក្តៅឆ្នាំ ២០១៨ តម្លៃ ១០០ លានអឺរ៉ូ។ ភារកិច្ចរបស់គេគឺជួយ Juventus ឈ្នះពានរង្វាន់ Champions League បន្ទាប់ពីរង់ចាំអស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណា ចាប់តាំងពីការបង្ហាញខ្លួនរបស់ CR7 ក្រុមមានមូលដ្ឋាននៅ Turin មិនទាន់បានឈ្នះជើងឯកនៅឡើយទេ។
អតីតខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Antonio Cassano ធ្លាប់បានហៅជាសាធារណៈថា ជារឿងបរាជ័យមួយសម្រាប់ Juventus ដែលបានផ្ទេរ Ronaldo ។ អតីតកីឡាករអ៊ីតាលីរូបនេះបាននិយាយថា ចាប់តាំងពី CR7 ទៅដល់ Juventus ក្រុមនេះលេងកាន់តែអាក្រក់ទៅៗក្នុងក្របខណ្ឌ Champions League។ បើគ្មានខ្សែប្រយុទ្ធព័រទុយហ្គាល់ ពួកគេនៅតែអាចឈ្នះជើងឯក Serie A ក្នុងរដូវកាលថ្មីៗនេះ។
គួរដឹងដែរថា Juventus បានធ្លាក់ចេញពី UEFA Champions League រដូវកាល២០២០/២០២១ហើយ ក្រោយចាញ់ FC Porto ដោយគ្រា់ប់បាល់ក្រៅដី។ ជើងទីមួយ Porto ឈ្នះ២ទល់នឹង១ តែជើងទីពីរ Juventus ឈ្នះ ២ទល់នឹង១វិញ ធ្វើឲ្យស្មើគ្នា២ទល់នឹង២។ ក្នុងការប្រកួតថែមម៉ោង១៥នាទី២ដង ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ដូច្នេះសរុបទាំង២ជើង គឺ៤ទល់នឹង៤ តែ Porto ចំណេញដោយសារបាល់ក្រៅដី៕