Mauricio Pochettino ចេញមុខមកបកស្រាយរឿងផ្លាស់ទៅដឹកនាំ Manchester United ហើយ
កាលពីថ្ងៃអាទិត្យ Manchester Untied បានចេញសេចក្តីប្រកាសអំពីការបញ្ចប់តំណែងគ្រូបង្វឹក Ole Gunnar Solskjaer ក្រោយបរាជ័យនៅផ្ទះ Watford ៤ទល់នឹង១ ក្នុងក្របខ័ណ្ឌ Premier League។
ជំនួយការ Michael Carrick ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងការដឹកនាំក្រុមប៉ុន្មានប្រកួតបន្ទាប់នេះ មុនពេលឈានដល់ការស្វែងរកគ្រូបង្វឹកថ្មីដើម្បីមកដឹកនាំរហូតដល់ចប់រដូវកាលតែម្តង។
យ៉ាងណាក្តី ព័ត៌មានទាក់ទង់នឹងគ្រូបង្វឹកថ្មីត្រូវបានចុះផ្សាយជាច្រើនថា គ្រូបង្វឹក Zinedine Zidane ដែលកំពុងទំនេរការងារបាល់ទាត់ និងគ្រូបង្វឹក Mauricio Pochettino របស់ PSG គឺជាបេក្ខភាពដ៏សាកសមបំផុតដើម្បីមកកាន់តំណែងនៅទឹកដី Old Traffrod។
ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលកំពុងតែក្តៅខាងលើនេះ លោក Mauricio Pochettino ដែលកំពុងដឹកនាំ PSG ត្រៀមធ្វើការប្រកួតជាមួយ Manchester City នៅក្នុងពានរង្វាន់ UEFA Champions League បានចេញមុខមកបកស្រាយថា៖ “ខ្ញុំកំពុងតែរីករាយជាមួយនឹង Paris ហើយខ្ញុំក៏សម្របខ្លួនបានល្អទៀតជាមួយនឹងស្ថានភាពនៅទឹកដីបារាំង ដូចនេះខ្ញុំអាចនិយាយបានថាខ្ញុំកំពុងតែផ្តោតជាមួយនឹងក្រុមរបស់ខ្ញុំ។
“នៅក្នុងពិភពបាល់ទាត់គឺច្បាស់ណាស់ ពាក្យចចាមអារ៉ាមមានគ្រប់ទីកន្លែង ហើយខ្ញុំយល់ច្បាស់ណាស់ តាំងពីខ្ញុំនៅជាកីឡាកររហូតមកដល់ពេលនេះជាគ្រូបង្វឹក។ ឥឡូវនេះអ្វីដែលខ្ញុំចង់បញ្ជាក់ឱ្យច្បាស់នោះគឺ ខ្ញុំមានកុងត្រានៅ PSG ដល់ឆ្នាំ២០២៣ ហើយខ្ញុំកំពុងតែរីករាយជាមួយ PSG”។
គួរឱ្យដឹងថា ក្រៅពីបុរសខាងលើទាំង២ គ្រូបង្វឹក Erik ten Hag របស់ Ajax និងគ្រូបង្វឹក Brendan Rodgers របស់ Leicester City ក៏ស្ថិតនៅក្នុងបញ្ជីចង់បានរបស់ក្រុមបិសាចក្រហមផងដែរ។