ឃើញ Sterling ថា ចង់លេងច្រើនជាងមុន Pep ដាក់មួយម៉ាត់ថា មិនហ៊ានធានាទេ
លោក Pep Guardiola អ្នកចាត់ការ Manchester City និយាយថា មិនអាចធានា Raheem Sterling ទទួលបានការលេងទៀងទាត់បានទេ ហើយថា ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះត្រូវតែប្រឹងប្រែងដូចគេដែរ។
កីឡាករវ័យ២៦ឆ្នាំដែលកិច្ចសន្យានៅ Eitihad Stadium ត្រូវអស់សុពលភាពក្នុងឆ្នាំ២០២៣នោះ អះអាងបើកចំហរចំពោះការផ្លាស់ទៅក្រៅប្រទេស ប្រសិនបើមិនបានលេងទៀងទាត់។
“Raheem ជាកីឡាកររបស់យើង ហើយសង្ឃឹមថា គេនឹងអាចជាកីឡាករដ៏សំខាន់សម្រាប់យើង។” នេះជាការថ្លែងរបស់លោក Pep។
“កីឡាករខ្លះចង់លេងរហូត ប៉ុន្តែខ្ញុំអត់ហ៊ានធានាទេ។ អ្នករាល់គ្នាត្រូវតែបង្ហាញលើទីលាន។ មិនមែន Raheem ទេ គឺគ្រប់តែគ្នាហ្នឹង។ ពួកគេមានឱកាស ពីព្រោះពួកគេដឹងថា អាចបានលេង។ ខ្ញុំមិនមែនដាក់លេងតែកីឡាករ១១នាក់ទេ។ អ្នករាល់គ្នាសុទ្ធតែពាក់ព័ន្ធ។ អ្វីដែលខ្ញុំចង់បានពីពួកគេ គឺឃើញពួកគេសប្បាយចិត្ត។ សម្រាប់ Raheem គឺគេអាចលេងបានគ្រប់កន្លែងទាំងអស់នៅប្រយុទ្ធ៣ខាងលើ។ គាត់រហ័សរហួន ឆ្លាត ដឹងពេលណាត្រូវរត់ចូលប្រអប់អ៊ីចឹងទៅ គាត់ពូកែរកគ្រាប់បញ្ចូលទី។ អាហ្នឹងគេហៅថា ទំនុកចិត្ត និយាយទៅ គាត់មានទំនុកចិត្តលើខ្លួនឯង។”
ថ្មីៗនេះ Raheem Sterling ត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ទៅ FC Barcelona៕