កីឡាករ Brighton និងហ្វេន Crystal Palace ឈ្លោះគ្នា
កីឡាករ Brighton និង អ្នកគាំទ្រ Crystal Palace បានប្រឈមមុខដាក់នៅកៀកផ្លូវចូល ក្រោយចប់ការប្រកួត Premier League រវាងក្រុមទាំង២នាកីឡដ្ឋាន Selhurst Park ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា១ទល់នឹង១។
ខ្សែប្រយុទ្ធ Neal Maupay របស់ Brighton បានស៊ុតតាមស្មើក្នុងនាទី៩០+៥ បន្ទាប់ពី Wilfried Zaha ទាត់ប៉េណាល់ទីឲ្យ Crystal Palace នាំមុខ។ ក្រោយទាត់តាមស្មើ ក្រុមអ្នកគាំទ្រ Brighton បានសម្រុកផ្លោះស្លាកពាណិជ្ជកម្មទៅអបអរ ហើយក៏មានការគប់កាំជ្រួចពណ៌ខៀវថែមទៀត។
Maupay ដែលទាត់តាមស្មើបានអបអរដោយយកដៃដាប់ត្រចៀក។ គេក៏តឹងសរសៃកដាក់ Wilfried Zaha ទៀតផង។
បន្ទាប់ពីចប់ការប្រកួត ក្រុមកីឡាករ Brighton បានដើរចូលកន្លែងផ្លាស់សម្លៀកបំពាក់ ហើយក៏ត្រូវអ្នកគាំទ្រ Crystal Palace ស្រែកឌឺដង ហើយកីឡាករ Brighton ទប់កំហឹងមិនជាប់៕